(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង នៅតែមានមហិច្ឆតាដណ្ដើម ៣ពិន្ទុបន្ថែមពីការប្រកួតបញ្ចប់ពូល E ជាមួយក្រុមឥណ្ឌូនេស៊ី Madura United នាម៉ោង ២រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន MFF Stadium Ulaanbaatar ប្រទេសម៉ុងហ្គោលី ទោះបីក្រុមជើងឯកលីគកំពូលកម្ពុជា បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៤/២៥ ហើយក៏ដោយ។
ថ្លែងមុនបញ្ចប់ការប្រកួតវគ្គចែកពូលជាមួយក្រុមរួមតំបន់ខាងលើ លោក Pep បាននិយាយថា «វាជាការប្រកួតចុងក្រោយរបស់យើងនៅទីនេះ (ម៉ុងហ្គោលី) ហើយយើងចង់ធ្វើវាឲ្យបានល្អ និងទទួលបាន ៣ពិន្ទុបន្ថែមទៀត។ Madura United ជាក្រុមមួយដែលបានត្រៀមខ្លួនយ៉ាងល្អជាមួយនឹងកីឡាករល្អ និងមានគុណភាព។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្ដែយើងមានកម្លាំងចិត្តក្នុងការបង្ហាញពីកម្រិតរបស់យើង និងដើម្បីឈរនៅកំពូលតារាង»។
បុរសជនជាតិអេស្ប៉ាញដដែលបន្ថែមថា «ពួកគេមានពេលច្រើនថ្ងៃដើម្បី Recover ក្រុម និងរៀបចំការប្រកួត ប៉ុន្ដែយើងមានកីឡាករថ្មីៗ ដែលសប្បាយចិត្តខ្លាំងក្នុងការប្រកួតនេះ ដើម្បីឈ្នះបាន ៣ពិន្ទុ។ កីឡាករយើងមួយចំនួនមិនទាន់ជាសះស្បើយនៅឡើយទេ ហើយយើងត្រូវមើលថែពួកគេសម្រាប់ការប្រកួតបន្ទាប់។ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះកីឡាករដែលខ្ញុំមាន ហើយកីឡាករមួយចំនួននៅក្នុងក្រុមដែលចូលរួមការប្រកួតនឹងផ្ដល់អ្វីគ្រប់យ៉ាង ដើម្បីលេងឲ្យបានល្អ និងឈ្នះការប្រកួត»។
គួរដឹងថា ការប្រកួតនេះទោះបញ្ចប់ដោយលទ្ធផលបែបណា ក៏ស្វាយរៀង បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League 2024/25 បន្ទាប់ពីក្រុមតំណាងកម្ពុជានេះ បានយកឈ្នះម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី ២-១ កាលពីថ្មីៗ។ រីឯ Madura វិញ ត្រូវការត្រឹមស្មើ ដើម្បីមានឱកាសឡើងវគ្គបន្ដ ជាមួយក្រុមតំណាងកម្ពុជា តែប្រសិនបើពួកគេភ្លាត់ចាញ់ព្រះខ័នរាជស្វាយរៀង ចាប់ពី ២គ្រាប់ឡើង ឱកាសមាសនេះ នឹងបានទៅក្រុមម្ចាស់ផ្ទះ SP Falcons តែម្ដង៕