(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ត្រូវបានគេរាយការណ៍មកថា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលអាចឈានដល់ការបិទរោងចក្រក្នុងស្រុកចំនួន ៣ឯណោះ ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការពិចារណាបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ ព្រមទាំងកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិកខ្ទង់​ ១០ភាគរយថែមទៀតផង ដើម្បីជួយស្រោចស្រង់រោងចក្ររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។

ដំណឹងនេះ គឺជាភាពសោកសៅដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តរយៈពេល ៨៧ឆ្នាំរបស់ Volkswagen ហើយបានបង្ករឱ្យមានការតវ៉ាពីសំណាក់បុគ្គលិកជាច្រើននៅទីស្នាក់ការកណ្តាល Wolfsburg។ បុគ្គលិកទាំងនោះ បានសម្តែងការព្រួយបារម្ភទៅនឹងអនាគតជីវភាពរបស់ពួកគេ ខណៈអ្នកខ្លះបានលើកឡើងថា នេះគឺជាឆ្នាំងមួយតែមួយគត់របស់គ្រួសារគេ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះមានកម្មករម្នាក់លោក Stefan Erhardt បាននិយាយថា «ការបិទរោចក្រនេះ មិនត្រឹមតែប៉ះពាល់ដល់ការបាត់បង់ការងាររបស់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាច្រើនផ្សេងទៀត ដែលភ្ជាប់ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត រួមទាំងអាជីវកម្មក្នុងស្រុក ដូចជាហាងនំប៉័ងជាដើម»

យ៉ាងណាមិញ ជុំវិញប្រកាសនេះ ក្រុមហ៊ុន Volkswagen អះអាងពីផលលំបាករបស់ខ្លួន ដែលវាទាក់ទងនឹងការកើនឡើងថ្លៃថាមពល និងកម្លាំងពលកម្ម ដែលបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រាក់ចំណេញ ហើយកាន់តែធ្ងន់ធ្ងរនោះ គឺការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន។

គួរជម្រាបថា ក្រៅពីកាត់បន្ថយប្រាក់ខែបុគ្គលិកហើយ នាពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen ក៏បានប្រកាសពីផែនការបង្កកប្រាក់ឈ្មួលនៅឆ្នាំ២០២៥ និង ២០២៦ ថែមទៀតផង ដែលបង្កឱ្យមានការខឹងសម្បាជាខ្លាំងពីសំណាក់បុគ្គលិក និងសហជីព។ ជាមួយគ្នានេះ​តំណាងសហជីព IG Metall ដែលត្រូវបានគេស្គាល់ថាជាសហជីពដ៏ធំបំផុតប្រចាំនៅប្រទេសអាល្លឺម៉ង់ បានប្រិតកម្មយ៉ាងខ្លាំងចំពោះវិធានការរបស់​ Volkswagen ហើយគម្រាមថានឹងធ្វើកូដកម្ម ប្រសិនបើបន្តគម្រោង «Dystopian» ដែលសំដៅដល់ការបិទរោងចក្រ និងបង្កកប្រាក់ឈ្មួលបុគ្គលិក៕