(ភ្នំពេញ)៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមក្នុងពិធី «សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ» និងបានឧបត្ថម្ភថវិកា ១០០លានរៀល ជូនដល់មូលនិធិគុនខ្មែរ ដើម្បីជួយជំរុញ និងលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» នៅមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។
ការឧបត្ថម្ភថវិកា១០០លានរៀល ពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្ដេចតេជោ បានអំពាវនាវដល់អ្នកមានធនធាន ដូចជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ឧបនាយករដ្ឋមន្រ្តី ឱ្យជួយឧបត្ថម្ភដល់ក្លឹបកីឡាបាល់ទាត់ និងក្លឹបកីឡាផ្សេងទៀត ជាពិសេសនៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ និងធនធានកីឡារបស់កម្ពុជា៕