(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Alexander Zverev បានឈានឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Paris Masters 2024 របស់បារាំង បន្ទាប់ពីទម្លាក់គូប្រជែង Stefanos Tsitsipas កាលពីរាត្រីថ្ងៃសុក្ររួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Tennis លំដាប់លេខ៣ ពិភពលោករបស់អាល្លឺម៉ង់មួយនេះ បានយកឈ្នះគូប្រជែង Tsitsipas ដែលឈរនៅលំដាប់លេខ១០ ជាមួយនឹងលទ្ធផលពិន្ទុ ៧-៥ និង ៦-៤ ពីក្នុងវគ្គ ៨នាក់ចុងក្រោយ នៅឯទីលានដែលស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងតែម្តង។

ឆ្លងតាមរយៈជ័យជម្នះនេះដែរ បានធ្វើឱ្យកីឡាករវ័យ ២៧ឆ្នាំ Zverev ក្លាយជាអត្តពលិកទី៣ លើលោកដែលបានឈានមកដល់ពានកម្រិត 20 ATP Masters 1,000 Semi-Finals ច្រើនជាងគេ ក្រោយពេលជើងខ្លាំង Novak Djokovic ធ្លាប់ធ្វើបាន ៧៨លើក និង Rafael Nadal ធ្វើបាន ៧៦លើក។

Zverev នឹងពើបប្រទះកីឡាករ Holger Rune សម្រាប់វគ្គចាញ់ធ្លាក់ ៤នាក់ចុងក្រោយជាបន្តទៀត ដ្បិតគូប្រជែងក៏ទើបបានទម្លាក់កីឡាករលេខ៩ របស់អូស្រា្តលី Alex de Minaur ដោយលទ្ធផល ២-១ នៃលំដាប់ពិន្ទុ ៦-៤ ៤-៦ និង ៧-៥ នៅរាត្រីថ្ងៃសុក្រដូចគ្នា៕