(បរទេស)៖ នៅក្នុងឯកសារបទបញ្ញត្តិមួយនៅថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងបោះទុនវិនិយោគរហូតដល់ ១.៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផ្តល់សេវាផ្កាយរណប Globalstar ក្នុងគោលបំណងពង្រីកសេវាកម្មទំនាក់ទំនង iPhone របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Globalstar បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងផ្តល់មូលនិធិនេះ ក្រុមហ៊ុន Apple នឹងផ្តល់ជាសាច់ប្រាក់សុទ្ធចំនួន ១.១ពាន់លានដុល្លារ ព្រមទាំងទិញភាគហ៊ុន ២០ភាគរយ នៅក្នុងក្រុមហ៊ុនរបស់ខ្លួនក្នុងតម្លៃ ៤០០លានដុល្លារផងដែរ។ ក្រុមហ៊ុនផ្កាយរណបនេះបានគូសបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ផ្នែកខ្លះនៃមូលនិធិពីការវិនិយោគរបស់ Apple ដើម្បីយកទៅទូទាត់បំណុលដែលមានស្រាប់របស់ខ្លួន។
គួរជម្រាបថា ក្រុមហ៊ុន Apple និង Globalstar បានចាប់ដៃគូសហកាជាមួយគ្នាចាប់តាំងពីឆ្នាំ២០២២ មកម្លេះ ដើម្បីណែនាំមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់ iPhone ផ្ញើសារបន្ទាន់ពីតំបន់ដាច់ស្រយាល។ ប៉ុន្តែប្រកាសថ្មីនេះ ហាក់បង្ហាញថា ក្រុមហ៊ុនទាំងពីរកំពុងតែបង្កើនសមត្ថភាពសេវាកម្មទំនាក់ទំនងរបស់ខ្លួនកាន់តែអស្ចារ្យជាងមុន ដោយក្នុងកិច្ចព្រមព្រៀងនេះ Globalstar នឹងបែកចែក ៨៥ភាគរយនៃសមត្ថភាពបណ្តាញរបស់ខ្លួនឱ្យទៅ Apple។ ខណៈកិច្ចព្រមព្រៀនេះត្រូវបានរំពឹងថា នឹងបិទនៅថ្ងៃអង្គារ៕