(ភ្នំពេញ)៖ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះ បានក្លាយជាធនាគារខ្មែរតែមួយគត់ ឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ពីទស្សនាវដ្ដី Global Finance ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ការផ្ដល់ពានរង្វាន់នេះសម្រាប់ធនាគារ អេស៊ីលីដា ត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុសកល (Global Finance) អះអាងថា មានការឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើចំណាត់ថ្នាក់រូបិយវត្ថុអន្តរជាតិរយៈពេលវែង (long-term foreign currency ratings) ឬចំណាត់ថ្នាក់បំណុល ដែលត្រូវបានចាត់ថ្នាក់ ដោយស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ Fitch, Moody’s និង Standard & Poor’s នៅក្នុងចំណោមធនាគារធំបំផុតទាំង ៥០០ នៅទូទាំងពិភពលោក។ ប៉ុន្ដែ សម្រាប់ធនាគារ ដែលមានការកាន់កាប់ភាគហ៊ុន ១០០% ដោយក្រុមហ៊ុនមេ មិនមានសិទ្ធិទទួលបានពានរង្វាន់នេះឡើយ។
លើសពីនេះទៅទៀត ទស្សនាវដ្ដីហិរញ្ញវត្ថុសកល ក៏បានកត់សម្គាល់ឃើញពីភាពធន់រឹងមាំរបស់ធនាគារអេស៊ីលីដា ក្នុងការទទួលបានជោគជ័យលើការគ្រប់គ្រងប្រតិបត្តិការនៅអំឡុងពេលនៃការកើនឡើងអត្រាការប្រាក់ខ្ពស់ និងអតិផរណាខ្ពស់ជាដើម។
គួរបញ្ជាក់ថា ថ្មីៗនេះ ធនាគារ អេស៊ីលីដា ក៏ទើបតែត្រូវបានស្ថាប័ន The Banker ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ (Top 1000 World Banks 2024) ផងដែរ។
ការទទួលបានការចាត់ចំណាត់ថ្នាក់ល្អ និងពានរង្វាន់ពីស្ថាប័នអន្តរជាតិជាបន្ដបន្ទាប់នេះ បានបង្ហាញឲ្យឃើញពីភាពខ្លាំង និងការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ក្រោយពីបានឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។
គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់ ។
ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧៣ ពាន់ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤លាន ៤២ពាន់នាក់ ៕