(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ការអនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ (CMAS 1st SEA Finswimming Championship Indoor) ឆ្នាំ២០២៤ នៅកម្ពុជា គឺជាការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ការគូសបញ្ជាក់នេះ ស្របពេលលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញបើកការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ នៅល្ងាចថ្ងៃសៅរ៍នេះ ខណៈការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានប្រតិភូកីឡាហែលទឹកពាក់ជើងទាមកពី ៧ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។
ក្នុងនាម NOCC លោកបណ្ឌិត ថោង ខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ប្រតិភូកីឡាកីឡាហែលទឹកពាក់ជើងទាទាំង ០៧ប្រទេស និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់ ដែលបានចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនៅកម្ពុជា នាពេលនេះ ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀតក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា «ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ»។
ឆ្លៀតឱកាសនោះ លោកក៏បានរំលឹកផងដែរថា កីឡាហែលទឹកពាក់ជើងទា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រេចដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតដែលបង្ហាញពីគាំទ្រ និងលើកទឹកចិត្តក្នុងការផ្តល់ឱកាសដល់អត្តពលិកហែលទឹកពាក់ជើងទា បានចូលរួមបង្ហាញគុណផល និងពង្រឹងគុណវុឌ្ឍិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពហុកីឡាដ៏ធំបំផុតប្រចាំតំបន់ ដែលបានបញ្ចប់ដោយភាពជោគជ័យដ៏អស្ចារ្យ ដែលម្ចាស់ផ្ទះកម្ពុជា បានបង្ហាញទៅកាន់អន្ដរជាតិក្នុងនាម «កម្ពុជាប្រទេសតូចមានបេះដូងធំទូលាយ»។
តាមរយៈព្រឹត្តិការណ៍អន្ដរជាតិនេះ លោកបានអរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (CMAS SEA) ដែលបានសម្រេចជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតលើកដំបូង និងផ្តល់ការគាំទ្រ និងសហការបច្ចេកទេស ដើម្បីឲ្យដំណើរការរៀបចំការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមបទប្បញ្ញត្តិ និងបញ្ជាបចេ្ចកទេសរបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ។
ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរ ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង និងបានខិតខំអភិវឌ្ឍគុណវុឌ្ឍិកីឡាហែលទឹកពាក់ជើងទា រហូតដណ្តើមបានមេដាយ ជាច្រើនក្នុងការប្រកួតកម្រិតអន្តរជាតិ ពិសេសកំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្ដង។
ចុងក្រោយលោកបានធ្វើការផ្តាំផ្ញើដល់ប្រតិភូកីឡា អត្តពលិក និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវគោរពឲ្យបានពេញលេញនូវបទបញ្ជាការប្រកួត ដោយឈរលើស្មារតីអូឡាំពិក “Olympic Spirit” និងស្មារតីជាអ្នកកីឡា “Sportsmanship” និងគុណតម្លៃស្នូលទាំង៣ នៃទស្សនវិជ្ជាអូឡាំពិកគឺៈ ឧត្តមភាព ការគោរព និងមិត្តភាព ស្របតាមចក្ខុវិស័យរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាព និងកាន់តែស្រស់បំព្រងតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ផងដែរ៕