(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុបចំនួន ១២គ្រឿង ។

ពិធីបិទការប្រកួតនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៉ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) ហើយក៏មានការចូលរួមពីប្រតិភូក្រសួង និងរាជធានី-ខេត្តទាំង ១៨ ដែលបានចូលរួមការប្រកួតនេះផងដែរ ។

ចំពោះលទ្ធផលបច្ចេកទេសការប្រកួត ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១២គ្រឿង (មាស ១០ ប្រាក់ ១ និងសំរឹទ្ធ ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ២), ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៨គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៣), ខេត្តកំពង់ចាម ឈរលេខ៤ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤), ខេត្តព្រៃវែង ឈរលេខ៥ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១) និងខេត្តប៉ៃលិន ឈរលេខ៦ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង ។

ថ្លែងក្នុងពិធីបិទការប្រកួតលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអរគុណ និងកោតសរសើរ ដល់គណៈកម្មការ រៀបចំការប្រកួតប្រភេទកីឡាតេក្វាន់ដូWT ដែលបានចូលរួមរៀបចំការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានប្រកាន់ភ្ជាប់នូវការគោរពបទបញ្ជាការប្រកួតយ៉ាងល្អប្រសើរ ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា «ការប្រកួតកីឡាជាតិលើកទី៤ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យកីឡា របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិ លើកទី៤នេះផងដែរ ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ កីឡាការិនី ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលធ្វើនៅព្រះរាជាណាចក្រថៃ» ៕