(ភ្នំពេញ)៖ កំណើតនៃកីឡាករ-កីឡាការិនី និងក្លិប ដែលបានចូលរួមការប្រកួតកីឡាជាតិឆ្នាំនេះ ពិតជាបង្ហាញនូវចំណុចវិជ្ជមានសម្រាប់ប្រភេទកីឡាវ៉ូវីណាម ឆ្ពោះទៅថ្ងៃអនាគត ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ។

ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅនៅអគារខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជាប្រធានកិត្តិយសសហព័ន្ធ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២១នាក់ ដែលមានកើនឡើងច្រើន បើធៀបនឹងកាលពីកីឡាជាតិលើកទី៣ ។

ប្រធានសហព័ន្ធដដែលបន្ដថា ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំនិងគ្រប់គ្រងការប្រកួត មុនព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ បានជំរុញឲ្យមន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ ដោយអាជ្ញាកណ្ដាល-ចៅក្រម បានប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈខ្ពស់ តម្លាភាព និងសុក្រិត្យភាព ដែលជំរុញការប្រកួតបានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ ដោយគ្មានការតវ៉ាអ្វីឡើយ ។

ក្រឡេកមកចាប់អារម្មណ៍ផ្នែកបច្ចេកទេសវិញ មិនត្រឹមតែមានកីឡាករ-កីឡាការិនី និងក្លិបចូលរួមច្រើនជាងមុន តែសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ទាំងរាជធានី-ខេត្ត និងក្រសួង សុទ្ធតែមានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសធនធានកីឡាករ-កីឡាការិនីវ័យក្មេង ដែលសហព័ន្ធបានផ្ដល់ឱកាសចូលរួមការប្រកួតឆ្នាំនេះ ។ នេះគឺជាការបោះជំហានថ្មីមួយទៀត សម្រាប់សហព័ន្ធក្នុងការសម្លឹង និងសម្រួចធនធានបន្ដវេន សម្រាប់ត្រៀមការប្រកួតកីឡាអន្ដរជាតិនានា ពិសេសកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។ លោក អ៊ូ រតនា បន្ថែម ។

ទន្ទឹមជាមួយគ្នាលោក ម៉ុង គីមហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ នឹងទទួលបានជោគជ័យ នឹងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិកម្ពុជា បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បាននឹងខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក លី ចាន់សុភក្តី អនុប្រធានសហព័ន្ធ កីឡាជាតិ លើកទី៤ បានរៀបចំការប្រកួតលើ ១៥វិញ្ញាសា ។ ជាលទ្ធផលក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១២គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ២), លេខ២ ក្រសួងការពារជាតិ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១), លេខ៣ ខេត្តសៀមរាប ឈ្នះមេដាយសរុប ៨គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ឈរលេខ៤ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២) ៕