(ភ្នំពេញ)៖ នៅក្នុងសង្គមតែងតែមានការប្រាស្រ័យទាក់ទងគ្នា ហើយចំពោះទំនាក់ទំនងរវាងបុគ្គល និងបុគ្គល អាចនឹងមានការរំលោភបំពាន ឈានដល់មានការប៉ះពាល់ដល់អាយុជីវិត បូរណភាពរូបកាយ ទ្រព្យសម្បត្តិ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាដើម ដូច្នេះបានជាក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពីបទល្មើសព្រហ្មទណ្ឌ និងការផ្តន្ទាទោសដល់រាល់បុគ្គល ដែលបានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកំណត់ថាជាបទល្មើសដើម្បីជាវិធានបង្ការកុំឱ្យកើតមានការបង្កចលាចលដល់សង្គម។ ចំពោះបទល្មើសមួយចំនួនប្រព្រឹត្តដោយជនល្មើសតែម្នាក់ រីឯបទល្មើសខ្លះទៀតអាចនឹងមានការចូលរួមប្រព្រឹត្តពីជនល្មើសច្រើននាក់ អាចនឹងមានដូចជា ចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត ក្នុងការជួយសម្រួលដល់ការប្រព្រឹត្តអំពើល្មើស ។
ដូចម្តេចដែលហៅថា អ្នកសមគំនិត? តើច្បាប់ត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ចំពោះអ្នកសមគំនិត?
ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «អ្នកសមគំនិត» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
ដើម្បីមានភាពងាយស្រួលក្នុងការយល់ដឹងបន្ថែមទាក់ទងនឹងប្រធានបទនេះ យើងគប្បីយល់ពីពាក្យថា “ចារី” ជាមុនសិន ។ ក្នុងន័យច្បាប់ ចារី គឺជាបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ឬ ចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម ។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២៩ និយមន័យអ្នកសមគំនិត ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន ។
អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង ។ អ្នកសមគំនិត នៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចាវីដែរ ។
យើងសង្កេតឃើញថា អ្នកសមគំនិត ជាជនដែលអាចផ្តល់ជំនួយដល់ការប្រព្រឹត្តបទល្មើសតាមរូបភាពជាច្រើនដូចជា ការផ្តល់ឧបករណ៍ ការផ្តល់អាវុធ ឬសម្ភារៈផ្សេងៗទៀត ដែលអាចយកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តអំពើល្មើស ដោយដឹងយ៉ាងច្បាស់ថា នឹងត្រូវយកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស ។ លើសពីនេះសកម្មភាពអកម្មខ្លះ ដូចជាការឃុបឃិតគ្នា ការធ្វើមិនដឹងមិនឮ ការលើកទឹកចិត្តឱ្យប្រព្រឹត្តបទល្មើស ការផ្តល់ជំនួយ និងការឧបត្ថម្ភផ្នែកស្មារតីឱ្យជនល្មើសសម្រេចបាននូវបទល្មើស ក៏ត្រូវបានចាត់ទុកថាជាការសមគំនិតផងដែរ ។ ដូចគ្នានេះដែរអំពើនៃការសមគំនិត អាចកើតមាននៅក្នុងអំឡុងពេល មុនពេល ឬស្របពេលជាមួយនឹងអំពើល្មើសរបស់ចារី ។ ករណីខ្លះការសមគំនិត អាចកើតមានក្រោយការប្រព្រឹត្តរបស់ចារី ប៉ុន្តែត្រូវមានការព្រមព្រៀងជាមុនរវាងចារី និងអ្នកសមគំនិតនោះ ថាអ្នកសមគំនិតត្រូវធ្វើសកម្មភាពអ្វីមួយដែលជាគោលបំណងរួមគ្នាដើម្បីឱ្យចារីបានប្រព្រឹត្តអំពើល្មើស ។
ការសមគំនិត ត្រូវតែកើតចេញពីចេតនាទុច្ចរិត និងជាបំណងយ៉ាងច្បាស់លាស់ របស់អ្នកសមគំនិត ដែលជាការសហការជាមួយចារី ក្នុងការប្រព្រឹត្តអំពើល្មើសនោះ ។ ក្នុងករណីចារីប្រព្រឹត្តអំពើល្មើស ស្របតាមទង្វើរបស់អ្នកសមគំនិត នោះអ្នកសមគំនិតត្រូវផ្តន្ទាទោសទៅតាមអំពើរបស់ចារី ។
អ្នកសមគំនិត ត្រូវទទួលរងការផ្តន្ទាទោសដូចនឹងចារី លុះត្រាតែអំពើល្មើសរបស់ចារី បានសម្រេច ឬបានប៉ុនប៉ង ហើយចារីដែលជាអ្នកប្រព្រឹត្តត្រូវទទួលការផ្តន្ទាទោស ។ គួរកត់សម្គាល់ផងដែរថា បទល្មើសដែលចារីប្រព្រឹត្តត្រូវតែជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ទើបអ្នកសមគំនិតត្រូវទទួលនូវការផ្តន្ទាទោស ពោលគឺបទលហុពុំត្រូវបានផ្តន្ទាទោសលើអ្នកសមគំនិតឡើយ ។
ឧទាហរណ៍៖ លោក “ក” មានកម្មវិធីជប់លាងនៅផ្ទះរបស់ខ្លួន នឹងបានអញ្ជើញមិត្តភិក្តជាច្រើនមកចូលរួម ក្នុងនោះមានលោក “ខ” បានមកដល់ក្រោយគេហើយបានចតរថយន្ត បាំងមុខផ្ទះរបស់ លោក “គ” ជាអ្នករកស៊ីលក់ចាប់ហួយ ដូច្នេះលោក “គ” ក៏បានដើរទៅរកម្ចាស់រថយន្តដើម្បីយករថយន្តចេញ ដោយប្រើសម្តីស្រែកខ្លាំងៗ ក្នុងកម្មវិធី ភ្លាមៗនោះក៏បង្កើតជាជម្លោះធ្ងន់ធ្ងរ ក្រោយពីការឈ្លោះប្រកែកគ្នារួច លោក “គ” បានទៅផ្ទះវិញ ចំណែកឯលោក “ខ” នៅមានការខឹងសម្បារជាខ្លាំង បានខ្ចីកាំបិតផ្គាក់ពី លោក “ក” ក្នុងគោលបំណងសម្លាប់ លោក “គ” ដោយមានចិត្តខឹងជាមួយលោក “គ” ផងដែរ លោក “ក”ក៏បានយកកាំបិតឲ្យលោក “ខ” ប្រើប្រាស់តាមទ្វារក្រោយផ្ទះ ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ចំនួន២ កាំបិតលើជនរងគ្រោះរួច សមត្ថកិច្ចបានតាមឃាត់ខ្លួន លោក “ខ” ហើយក្រោយពីស្តាប់ចម្លើយរបស់លោក “ខ” រួច សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនលោក “ក” ដែលជាអ្នកសមគំនិត ក្នុងការប្រព្រឹត្តបទល្មើសខាងលើនេះផងដែរ ។
សរុបមក បើទោះបីជាពុំបានចូលរួមប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយផ្ទាល់ក៏ដោយ ប្រសិនបើតុលាការពិចារណាលើទង្វើនៃការប្រព្រឹត្តបទល្មើសរបស់ជននោះតាមរយៈ ការជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស ការផ្តល់ជាជំនួយ ឬ ការឧបត្ថម្ភជាសម្ភារៈក្តី កម្លាំងស្មារតីក្តី ដែលកើតចេញពីចេតនាទុច្ចរិត និងបំណងយ៉ាងច្បាស់លាស់ដែលជាការសហការជាមួយចារី ក្នុងការប្រព្រឹត្តអំពើល្មើស ទៅលើបុគ្គលណាក៏ដោយ ក៏ជននោះត្រូវតែទទួលការផ្តន្ទាទោសដូចចារីដែលបានប្រព្រឹត្តបទលើ្មសដោយផ្ទាល់ផងដែរ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា សាន់ រតនា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected]គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕