(ភ្នំពេញ)៖ ការប្រកួតកីឡាការ៉ាតេ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈមានអត្តពលិកមកពីក្រសួង ៣ និងខេត្ត ១ ប៉ុណ្ណោះ ដណ្ដើមបានមេដាយមាស គឺមានក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិវញ្ញវត្ថុ, ក្រសួងការពារជាតិ និងខេត្តស្ទឹងត្រែង។

ការប្រកួតខាងលើបានចាប់ផ្ដើមពីថ្ងៃទី០១-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡារ៉ាតេចូលរួមសរុបចំនួន ១២៨នាក់មកពីរាជធានី-ខេត្តចំនួន៧ និងក្រសួងចំនួន ៣ ដែលបានចូលរួមព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំម្ដងនេះ។ ជាលទ្ធផល គឺក្រុមកីឡាការ៉ាតេក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿង (មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ២)។

រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ គ្រាដែលអត្តពលិកមកពីខេត្តស្ទឹងត្រែង ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) និងក្រុមកីឡាការ៉ាតេក្រសួងការពារជាតិ ឈរលេខ៤ ឈ្នះមេដាយសរុប ១១គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៦គ្រឿង)។ ក្រៅពីនេះ ក៏មានរាជធានី-ខេត្តមួយចំនួន ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធដែរ។

ក្រោយចប់ការប្រកួតលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកោសរសើរចំពោះការរៀបចំរបស់គណៈកម្មការរៀបចំការប្រកួត កីឡាករ-កីឡាការិនី ដែលសហការគ្នាបានយ៉ាងល្អបញ្ចប់ទៅដោយរលូន និងជោគជ័យ។ លើសពីនេះ លោកក៏បានជំរុញដល់អត្តពលិកទាំងអស់ ទោះបីទទួលបានមេដាយ ឬមិនទទួលបាន ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗទៀត៕