(បាសេឡូណា)៖ FC Barcelona អតីតក្រុមជើងឯករងលីគ La Liga រដូវកាលមុន បន្តរកបានជ័យជម្នះជាលើកទី១១ ក្នុងចំណោម ១២ប្រកួតនាដើមរដូវកាលឆ្នាំ២០២៤-២០២៥ នៅពេលយកឈ្នះគូប្រជែង Espanyol ៣-១ នៅរាត្រីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះ បានធ្វើឱ្យពួកគេរកបាន ៣៣ពិន្ទុ ឈរទីកំពូលតារាង La Liga ដ៏រឹងមាំ ដោយនាំមុខដាច់ ៩ពិន្ទុផងដែរពីក្រុមលេខ២ Real Madrid ដែលជាក្រុមការពារតំណែងជើងឯកផងនោះ។

កីឡាករ Dani Olmo រកបាន ២គ្រាប់ម្នាក់ឯង និង Raphinha ក៏រួមចំណែករកបាន ១គ្រាប់ផងដែរ ដើម្បីបើកការនាំមុខក្រុមភ្ញៀវ Espanyol ដល់ទៅ ៣គ្រាប់ត្រឹមវគ្គទី១ មុនពេលប្រធាន Javi Puado រកបានតែ ១គ្រាប់វាយបកនៅនាទី៦៣។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឱ្យ Barcelona លេងឈ្នះ Espanyol ១០៣ប្រកួត ក្នុងចំណោម ១៧៧ប្រកួតសរុបនៅ La Liga ក្នុងនាមជាក្រុមដែលស្ថិតក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញជាមួយគ្នា។

នេះក៏ជាជ័យជម្នះលើកទី៦ ជាប់ៗគ្នាផងដែរគ្រប់កម្មវិធីប្រកួត ស្ថិតក្រោមការដឹកនាំរបស់លោក Hansi Flick គិតចាប់តាំងពីពួកគេបានចាញ់ Osasuna កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ និងស៊ុតបញ្ចូលទីគូប្រកួតបាន ២៤គ្រាប់ទៀតផង ដ្បិត Espanyol ធ្លាក់ទៅលេខរៀងទី១៧ ដោយមាន ១០ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ៕