(បរទេស)៖ អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីថ្មីលោក Donald Trump បានក្រើនរំលឹកទៅក្រុមហ៊ុនផលិតរថយន្ត Stellantis ថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងដាក់ពន្ធ ១០០ភាគរយលើរថយន្ត Stellantis ទាំងអស់ ប្រសិនបើក្រុមហ៊ុននេះ សម្រេចចិត្តផ្លាស់ប្តូរទីតាំងការងារពីសហរដ្ឋអាមេរិក ទៅប្រទេសម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Trump បាននិយាយនៅឯការជួបជុំមួយក្នុងទីក្រុង Warren រដ្ឋ Michigan។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភដែលលើកឡើងដោយវាគ្មិនម្នាក់ទៀតដែលបង្ហាញថា Stellantis ដែលជាក្រុមហ៊ុនមេរបស់ Chrysler បាននឹងកំពុងបញ្ជូនរថយន្តដែលផលិតដោយ Chrysler ទៅកាន់ប្រទេសម៉ិកស៊ិក។

គួរជម្រាបថា លោក Trump បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះនឹងមិនត្រូវបានគេអត់ឱនទេ «សូមឱ្យ​ Stellantis ដឹងថា ប្រសិនបើពួកគេមានបំណងផ្លាស់ប្តូរប្រតិបត្តិការ យើងនឹងដាក់ពន្ធ ១០០ភាគរយ លើគ្រប់រថយន្តទាំងអស់...ហើយពួកគេនឹងមិនបន្តតាមផែនការរបស់ពួកគេទេ»។ សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយមានគោលបំណងការពារការងារអាមេរិកចំពេលមានការព្រួយបារម្ភអំពីក្រុមហ៊ុនដែលផ្លាស់ទីប្រតិបត្តិការទៅក្រៅប្រទេស៕