(បរទេស)៖ លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei Technologies ថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីការអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯងនោះទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក។ លោក Zhengfei បានចែករំលែកពីគំនិតជាការឆ្លើយតបនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន Huawei ជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Huawei Cantral។

លោក Zhengfei អះអាងដូចខាងលើ ក្នុងឱកាសចូលរួមកម្មវិធីប្រកួតប្រជែងការសរសេរកូដ ICPC (International Collegiate Programming Content) របស់និស្សិតសាកលវិទ្យាល័យមួយ កាលពីពេលថ្មីៗនេះ។ ក្នុងនោះលោកបានពិភាក្សាជាមួយនិស្សិតអំពីក្រុមហ៊ុនបច្ចេកវិទ្យា គោលដៅអនាគត និងប្រធានបទពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងអំឡុងពេលសួរចម្លើយជាមួយសិស្ស លោក Ren បាននិយាយថា សហរដ្ឋអាមេរិកមានការបើកចំហ និងរួមបញ្ចូលនៅក្នុងសហគមន៍បច្ចេកវិទ្យារបស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ដល់វានៅក្នុងគ្រប់វិស័យ រួមទាំងវិស័យផលិតបន្ទះឈីបផងដែរ។ Ren ជឿជាក់ថាក្រុមហ៊ុន Huawei អាចរៀនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ស្ថាបនិករូបនេះបានបន្ថែមថា ការហាមប្រាមរបស់សហរដ្ឋអាមេរិក បាននាំឱ្យក្រុមហ៊ុន Huawei បង្កើតបច្ចេកវិទ្យាដោយខ្លួនឯង ព្រោះមិនអាចចូលប្រើឧបករណ៍ទំនើបៗពីទីផ្សារបរទេសបាននោះទេ។ លោក Ren Zhengfei បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកបានធ្វើជាគំរូសម្រាប់ប្រទេស និងក្រុមហ៊ុនទាំងអស់នៅទូទាំងពិភពលោកដោយបើកចំហរ...»។

គួរជម្រាថា ការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ២០១៩ គឺដោយសារតែការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ មកទល់បច្ចុប្បន្ននេះ អាជ្ញាធរបរទេសជាច្រើន ក៏បានរឹតបន្តឹងទៅលើការគ្រប់គ្រងផ្នែកពាណិជ្ជ កម្ម ដើម្បីបន្តរារាំងក្រុមហ៊ុន Huawei ពីការចូលទៅប្រើប្រាស់នូវ tools ផលិតបន្ទះឈីបកម្រិតខ្ពស់ ឬឧបករណ៍ជាច្រើនទៀត៕