(បរទេស)៖ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់បម្រាមលើការលក់ស្មាតហ្វូន Google Pixel បន្ទាប់ពីការហាមឃាត់ស្រដៀងគ្នាលើ iPhone 16 របស់ក្រុមហ៊ុន Apple កាលពីប៉ុន្មានថ្ងៃមុន។ ការហាមឃាត់នេះ គឺកើតឡើងពីហេតុផលចម្បងមួយ ដោយសារក្រុមហ៊ុនទាំងពីរមិនបានអនុលោមតាមបទបញ្ញត្តិក្នុងស្រុកដែលតម្រូវឱ្យស្មាតហ្វូន ដែលលក់នៅក្នុងប្រទេសប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី លោក Febri Hendri Antoni Arief បានថ្លែងថា «យើងកំពុងជំរុញច្បាប់ទាំងនេះ ដើម្បីឱ្យមានភាពយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់ក្នុងប្រទេសឥណ្ឌូនេស៊ី»។ លោកបានបញ្ជាក់ថា «ផលិតផលរបស់ Google មិនបានប្រកាន់ខ្ជាប់នូវគ្រោងការណ៍ដែលយើងកំណត់ទេ ដូច្នេះពួកគេមិនអាចលក់នៅទីនេះបានទេ»។
ជុំវិញព័ត៌មាននេះ ខាងក្រុមហ៊ុន Google ផ្ទាល់ក៏បានចេញសារមកបញ្ជាក់ផងដែរថា ស្មាតហ្វូន Pixel របស់ខ្លួនបច្ចុប្បន្នមិនត្រូវបានចែកចាយជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ។ ការហាមប្រាមនេះ គឺដូចគ្នាទៅនឹង Apple ខណៈពេលនោះ លោក Febri បានមានប្រសាសន៍ថា «Hardware របស់ iPhone 16 ដែលនាំចូលមក មិនអាចដាក់លក់ក្នុងទីផ្សារក្នុងប្រទេសបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រមាតិកាក្នុងស្រុក»។ វិញ្ញាបនប័ត្រនេះ មានសារៈសំខាន់ណាស់សម្រាប់ធានាថាក្រុមហ៊ុនផលិតបរទេសចូលរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ ដោយហេតុនេះ វាជាការលើកកម្ពស់ការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យានាំចូល។
អ្នកនាំពាក្យដដែលនេះ បានគូសបញ្ជាក់ថា អ្នកប្រើប្រាស់ទាំងអស់ទាំង iPhone និង Google Pixel នៅតែទិញស្មាតហ្វូននៅបរទេសបាន ដរាបណាពួកគេបង់ពន្ធដែលកំណត់ ដោយបន្ថែមថា ប្រទេសឥណ្ឌូនេស៊ី នឹងពិចារណាបិទស្មាតហ្វូនទាំងអស់ដែលលក់ដោយខុសច្បាប់៕