(បរទេស)៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn ដែលត្រូវបានគេស្គាល់ថា Shunsin កំពុងស្វែងរកការយល់ព្រមសម្រាប់ការវិនិយោគ ៨០លានដុល្លារនៅភាគខាងជើងប្រទេសវៀតណាម ក្នុងគោលបំណងផលិតសៀគ្វីរួមបញ្ចូលគ្នា (ភាគច្រើនគេហៅថា មីក្រូឈីប ឬបន្ទះសៀគ្វី)។ នេះបើយោងតាមឯកសារពីក្រសួងបរិស្ថានរបស់វៀតណាម និងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកសារបាននិយាយថា រោងចក្រដែលបានស្នើឡើង គឺមានទីតាំងស្ថិតនៅក្នុងខេត្ត Bac Giang ប្រទេសវៀតណាម នឹងផ្តោតលើការផលិត និងកែច្នៃគ្រឿងបន្លាស់អេឡិចត្រូនិច ជាពិសេសបន្ទះសៀគ្វីរួមបញ្ចូលគ្នា។ គម្រោងនេះ នឹងគ្របដណ្តប់លើផ្ទៃដីសរុប ៤.៤ ហិកតានៅក្នុងសួនឧស្សាហកម្ម Quang Chau ហើយត្រូវបានគេរំពឹងថានឹងមានសមត្ថភាពប្រចាំឆ្នាំ ៤.៥ លានគ្រឿងសម្រាប់ការនាំចេញទៅកាន់ទីផ្សាររួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។ នៅក្នុងឯកសារនោះបានបន្ថែមទៀតថា Sunsin គ្រោងនឹងចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០២៦ ខណៈប្រតិបត្តិការពេញលេញអាចនឹងលេចរូបរាងនៅអំឡុងខែធ្នូ ឆ្នាំ២០២៦។
យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតអំពីរបាយការណ៍នេះ ក្រុមហ៊ុន Shunsin ផ្ទាល់នៅមិនទាន់ចេញមកបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ។
គួរជម្រាបថា ការវិនិយោគនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ Foxconn ដោយបានបណ្តាក់ទុនជាង ៣.២ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីវាយលុកចូលទីផ្សារអាស៊ីអាគ្នេយ៍នៅដើមទសវត្សរ៍ឆ្នាំ ២០០០ មកម្លេះ។ រោងចក្រផលិតរបស់ក្រុមហ៊ុននេះ ភាគច្រើនមានទីតាំងស្ថិតនៅក្នុងខេត្តភាគខាងជើងនៃ Bac Ninh និង Bac Giang៕