(ភ្នំពេញ)៖ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង ស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» រៀបចំឡើង ក្រោមការចូលរួមពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញក្រុមជ័យលាភីឆ្នើមលេខ១ ដែលទទួលបានពាន១ និងថវិកាចំនួន ១០,០០០,០០០រៀល បានទៅលើក្រុមទី១២ ដែលមានប្រធានក្រុមឈ្មោះ ឈឹម សុខពិសិទ្ធិ និងសមាជិកក្រុមឈ្មោះ ប្រុស សុខឃា និង ហ៊ាង ហ៊ុនថឺយ ក្រោមប្រធានបទ «The Mekong Park»។
គម្រោង «The Mekong Park» ផ្តោតសំខាន់ទៅលើការរស់នៅដោយផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយធ្វើការបង្កើតជាឧស្យានពហុមុខងារ, ពហុវ័យ និងអាចប្រើប្រាស់បានគ្រប់ពេលវេលា សម្រាប់អ្នករស់នៅក្នុង បុរី មេគង្គ លែន និងសាធារណជនខាងក្រៅមកកំសាន្តលេងផងដែរ។
អ្វីដែលធ្វើឱ្យគណៈកម្មការសរសើរមិនដាច់ពីមាត់ គឺត្រង់ចំណុចការចេះគិតគូរបានយ៉ាងដិតដល់ ពីក្រុមជ័យលាភីក្នុងការប្រើប្រាស់សួន សម្រាប់មនុស្សគ្រប់គ្នាដែលមកកំសាន្តដោយមាន ៦ចំណុចសំខាន់ៗដូចជា៖ ការកំសាន្ត, កីឡា, ការលំហែជួបជុំ, shopping និង playground ដែល concept design បានដកស្រង់ពីរូបរាងសត្វខ្យង ដែលជាសត្វមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយធម្មជាតិ។
លើសពីនេះទៅទៀតចំណុចសំខាន់ៗ នៃគោលគំនិតនៃការឌីហ្សាញដូចជា ទឹក ធម្មជាតិ និងទីធ្លាសម្រាប់ធ្វើសកម្មភាព ត្រូវបានបែងចែកតាមហ្សូនសំខាន់ៗរួមមាន៖ តំបន់ទឹក តំបន់អគារ តំបន់វាលស្មៅ តំបន់ធ្វើកម្មវិធីនិងអាជីវកម្ម និងតំបន់សម្រាក់កំសាន្ត ដោយគិតគូរពីទិសដៅព្រះទិត្យ ខ្យល់ និងសម្លេង ហើយកន្លែងចំណតម៉ូតូរថយន្ត ក៏បានធ្វើឡើងឱ្យមានភាពងាយស្រួល ដល់អ្នកមកកំសាន្ត។
លោក អ៊ុនផេង ពុធវិសាល ប្រធានសមាគមស្ថាបត្យករនៃកម្ពុជា ដែលជាគណៈកម្មការមួយរូបផងនោះ បានថ្លែងពីការពេញចិត្តជាខ្លាំងជាមួយគម្រោង «The Mekong Park»ហើយលោកគិតថា គម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏ល្អមួយ សម្រាប់ បុរី មេគង្គ លែន ព្រោះគម្រោងមានលក្ខណៈពេញលេញ ជាឧទ្យានដោយមានភាពបៃតងផ្តល់អុកស៊ីសែនយ៉ាងល្អ សម្រាប់ផ្លូវដង្ហើម ហើយការរៀបចំរចនាសម្ព័ន្ធនៃការប្រើប្រាស់ និងការកំណត់ទីតាំងនៃកន្លែងនីមួយៗ គឺធ្វើបានត្រឹមត្រូវ អាចប្រើប្រាស់ចាប់ពីព្រឹកព្រលឹមរហូតដល់ពេលរាត្រី។
ក្នុងនោះក្រុមជ័យលាភីបានបញ្ចេញពី ចំណាប់អារម្មណ៍របស់ពួកគាត់ថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលមានកម្មវិធីនេះកើតឡើង ដែលធ្វើឱ្យពួកខ្ញុំបានបញ្ចេញស្នាដៃរបស់ពួកខ្ញុំជាសាធារណៈ។ ការប្រកួតប្រជែងមួយនេះគឺពិតជាពិបាក ពីមួយវគ្គទៅមួយវគ្គរហូតមកដល់វគ្គផ្តាច់ព្រ័ត្រនេះ តែពួកខ្ញុំក៏បានរៀនច្រើន និងស្វែងរកអ្វីថ្មីៗពេលកំពុងសិក្សារៀបចំគម្រោង «The Mekong Park»។ ខ្ញុំសង្ឃឹមថាកម្មវិធីប្រកួតប្រជែងស្នាដៃ រចនាស្ថាបត្យកម្មបែបនេះ នឹងមានការរៀបចំជាបន្តបន្ទាប់ទៀត ដើម្បីលើកស្ទួយវិស័យស្ថាបត្យកម្មនៅកម្ពុជា»។
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព សហគមន៍បៃតង ឧទ្យាន មេគង្គ លែន បានរៀបចំឡើងដោយមានការសហការពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC), គណៈស្ថាបត្យករនៃកម្ពុជា (BAC), សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), សមាគមស្ថាបត្យករនៃកម្ពុជា (AAC), សមាគមស្ថាបត្យករអង្គរ (AAA) និង បុរី មេគង្គ លែន ហើយត្រូវបានឧបត្ថម្ភទាំងស្រុងដោយ បុរី មេគង្គ លែន៕