(ភ្នំពេញ)៖ ការប្រកួតប្រជែងជជែកដេញដោលបែបលក្ខណៈ រដ្ឋសភាចក្រភពអង់គ្លេស(SDC ) ដែលបានជជែកដេញដោល លើកប្រធានបទ«បញ្ហាសង្គមបច្ចុប្បន្ន នឹងដំណោះស្រាយ» បានរកឃើញអ្នកឈ្នះហើយ បានទៅលើ យុវជន២រូប ដែលមកពីសាលាអន្តរជាតិវេស្ទលែន គឺយុវជន ហ៊ន ចន្ទាកា និងយុវតី ហ្វាន់ ស៊ីលីង។
កញ្ញា សេង រ៉េនីតា ស្ថាបនិកកម្មវិធីSDC បានឱ្យដឹងថាការប្រកួតប្រជែងដេញដោលទម្រង់សភាអង់គ្លេសគឺជាកម្មវិធីដំបូងដែលបានរៀបចំឡើងនៅកម្ពុជា។ ការរៀបចំកម្មវិធីនេះឡើង ក្នុងចក្ខុវិស័យជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលសម្រាប់ការជជែកដេញដោលប្រកបដោយការប្រកួតប្រជែង និង សុន្ទរកថាបញ្ញវន្ត។ ទម្រង់ការជជែកដេញដោលរបស់សភាអង់គ្លេសនៅកម្ពុជា នឹងផ្តល់តម្លៃដល់ការជជែកវែកញែកប្រកបដោយហេតុផល ទទួលយកទស្សនៈចម្រុះ និងរួមចំណែកយ៉ាងល្អដល់សង្គមកម្ពុជា។
កញ្ញាបន្ថែមថា ជាការពិតណាស់ SDC គឺជាការប្រកួតប្រជែងជជែកដេញដោលបែបលក្ខណៈ រដ្ឋសភាចក្រភពអង់គ្លេសដែលត្រូវបានរៀបចំឡើងដោយ យុវជនមួយក្រុមមកពីសាលាអន្តរជាតិទូទាំងរាជធានីភ្នំពេញ ដែលមានគោលបំណងរួមមួយ គឺការចង់ឱ្យមាននូវភាពចម្រុះជាតិសាសន៍ នៅក្នុងសង្គមរបស់ប្រទេសកម្ពុជា។
កញ្ញាបន្តថា«ក្នុងនាមជា កម្មវិធីដំបូងគេដែលណែនាំទម្រង់ការជជែកដេញដោលរបស់សភាអង់គ្លេស នៅក្នុងប្រទេសកម្ពុជា បេសកកម្មរបស់យើងគឺដើម្បីជំរុញការគិតប្រកបដោយការរិះគន់ ការបញ្ចេញមតិប្រកបដោយភាពច្បាស់លាស់ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនៈពិភពលោកក្នុងចំណោមយុវជនកម្ពុជា»។
លោក នួន វិសាលវីរ៉ាយុទ្ធ អគ្គនាយកកម្មវិធី SDC បានឱ្យដឹងថា ក្នុងរដូវកាលទី១នេះ មានអ្នកចូលរួម១៦ ក្រុមមកពីគ្រប់សាលាអន្តរជាតិនៃរាជធានីភ្នំពេញ ដែលមាន ដូចជា ក្រុមរដ្ឋាភិបាល បើកស្រប, ក្រុមរដ្ឋាភិបាល បិតស្រប, ក្រុមរដ្ឋាភិបាលបដិសេធបើក និងក្រុមរដ្ឋាភិបាលបដិសេធបិទ។ ក្រុមដែលទទួលបានជ័យលាភី គឺ ក្រុមរដ្ឋាភិបាលបដិសេធបិទ។
លោកបានលើកឡើងថា ការបង្កើតកម្មវិធីជជែកដេញដោលនេះ មានបំណងបង្កើតវេទិកាមួយ ដែលផ្តល់ឱ្យដល់យុវជនកម្ពុជា បានបញ្ចេញនូវគំនិតចម្រុះ និងត្រូវបានលើកយកមកពិភាក្សាដោយគោរព និងផ្តល់សិទ្ធិអំណាចដល់យុវសិស្ស ដែលមានជំនាញក្នុងការចូលរួមក្នុងការពិភាក្សាពីបញ្ហាសង្គម។
លោកបន្តថា «តាមរយៈការលើកកម្ពស់ការជជែកដេញដោលរបស់សភាអង់គ្លេស យើងខិតខំដើម្បីបណ្តុះបញ្ញា និងភាពជាពលរដ្ឋសកម្ម រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជានៅលើឆាកពិភពលោក»។
ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណអ្នកឧបត្ថម្ភវិធី ដូចជា CamEd Business School , Active Sports & Chapey Bakery ,GIA TOWER , NextGen Insider និងបណ្តាញព័ត៌មាន Fresh News ដែលជាអ្នកឧបត្ថម្ភសម្រាប់ការផ្សព្វផ្សាយក្នុងរដូវកាលនេះ ព្រមទាំងក្រុមការងារជាច្រើនរូប ដែលដឹកនាំ និងសម្រួលដោយលោក ម៉ក់ ខេវិន ប្រធានសម្របសម្រួលកម្មវិធី ដែលជំរុញឱ្យកម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន៕