(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia លោក Jensen Huang បានស្នើដល់ដៃគូផ្គត់ផ្គង់របស់ខ្លួន គឺ SK Hynix ប្រញាប់សម្រេចឲ្យបាននូវការនាំយកបន្ទះឈីបកម្រិតខ្ពស់ជំនាន់ចុងក្រោយឈ្មោះថា HBM4 មកផ្គត់ផ្គង់ឲ្យខ្លួនឲ្យបានក្នុងរយៈពេល៦ខែ។ នេះបើតាមលោក Chey Tae-won ប្រធាន SK Group បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូងបានប្រកាសកាលពីខែតុលាថា ខ្លួនមានគោលបំណងផ្គត់ផ្គង់បន្ទះឈីបដល់អតិថិជនក្នុងឆមាសទីពីរនៃឆ្នាំ២០២៥។ អ្នកនាំពាក្យក្រុមហ៊ុន SK Hynix បាននិយាយនៅថ្ងៃចន្ទនេះថា ការកំណត់ពេលវេលានេះរបស់មេធំ Nvidia ដូចខាងលើនេះ គឺលឿនជាងគោលដៅដំបូងរបស់ក្រុមហ៊ុនដែលបានកំណត់។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

សំណើររបស់ លោក Huang ខាងលើនេះត្រូវបានគេមើលឃើញថា បង្ហាញពីតម្រូវការកាន់តែខ្លាំងនូវបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ និងមានថាមពលសម្រាប់ប្រើប្រាស់ក្នុង GPU របស់ Nvidia ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ខណៈ Nvidia គ្រប់គ្រងច្រើនជាង ៨០% នៃទីផ្សារបន្ទះឈីប AI សកល។ ងាកមកក្រុមហ៊ុន SK Hynix បាននិងកំពុងនាំមុខគេក្នុងការប្រណាំងជាសាកលនៃបច្ចេកវិទ្យានេះ ដើម្បីបំពេញតម្រូវការដ៏ខ្លាំង សម្រាប់បន្ទះឈីបប្រភេទ HBM ដែលជួយក្នុងដំណើរការទិន្នន័យយ៉ាងច្រើន ដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យា AI និងមានសារៈសំខាន់សម្រាប់បន្ទះឈីបរបស់ Nvidia។ ប៉ុន្តែក្រុមហ៊ុននេះក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងដូចជា Samsung Electronics និង Micron ផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន SK Hynix មានគម្រោងផ្គត់ផ្គង់បន្ទះឈីបប្រភេទ HBM3E 12 ជំនាន់ចុងក្រោយបំផុតដល់អតិថិជននៅឆ្នាំនេះ និងមានគម្រោងដឹកជញ្ជូនគំរូ HBM3E កម្រិតខ្ពស់នៅដើមឆ្នាំក្រោយ។ បន្ទាប់ពីមានតម្រូវការកើនឡើងខ្លាំង ភាគហ៊ុនរបស់ SK Hynix បានកើនឡើង ៥.១% ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Samsung កើនឡើង១% ផងដែរ៕