(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានសម្រេចបញ្ចូលវិញ្ញាសាថ្មី ក្នុងការប្រកួតកីឡាជាតិ លើកទី៤ ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពអត្តពលិកត្រៀមការប្រកួតអន្ដរជាតិ គឺវិញ្ញាសា HEYBALL ។ នេះបើតាមការបញញជាក់របស់លោកលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ ក្នុងពិធីប្រជុំបច្ចេកទេស និងចាប់ផ្ដើម ដើម្បីចាប់ផ្ដើមការប្រកួតផ្លូវការ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា HEYBALL គឺជាវិញ្ញាសាមួយ ក្នុងចំណោម ៦ ដែលសហព័ន្ធបានដាក់ក្នុងការប្រកួតកីឡាជាតិ លើកទី៤ ហើយក៏ជាលើកដំបូងផងដែរ បន្ទាប់ពីមានការណែនាំពីសហព័ន្ធកីឡាប៊ីយ៉ាអន្ដរជាតិ និងអាស៊ី ដោយចង់ឲ្យកម្ពុជាពង្រឹងប្រភេទវិញ្ញាសាថ្មីនេះ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ស្របពេលវិញ្ញាសានេះ ក៏ត្រៀមដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខផងដែរ ។

លោក ម៉ា សុជាតិ បន្ដថា «សម្រាប់ការដាក់បញ្ចូលវិញ្ញាសាថ្មី ក្នុងកីឡាជាតិនេះ ដោយសារកន្លងមក សហព័ន្ធ ក៏ដូចជាកីឡាករជម្រើសជាតិកម្ពុជា តែងទទួលបានការអញ្ជើញចូលរួមការប្រកួតអន្ដរជាតិនានា ទាំងកម្រិតពិភពលោក និងតំបន់ លើវិញ្ញាសា HEYBALL ដែលកំពុងមានការពេញនិយមលើឆាកអន្ដរជាតិ ដោយសារជាវិញ្ញាសាមួយ ងាយលេង តែមានការប្រកួតប្រជែង ហើយមានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួត»

ដោយហេតុនេះ ទើបសហព័ន្ធសម្រេចដាក់វិញ្ញាសានេះ ជាការសាកល្បងក្នុងការប្រកួតកីឡាជាតិ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃវិស័យកីឡាលើពិភពលោក ដ្បិតអត្តពលិកលំដាប់កំពូលនៃប្រទេសអង់គ្លេស ក៏បានងាកមកលេងវិញ្ញាសានេះដែរ ។ ដូច្នេះក្នុងនាមសមាជិកសហព័ន្ធអន្ដរជាតិ និងអាស៊ី លោករីករាយក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាពង្រីក និងអភិវឌ្ឍន៍កីឡាកម្ពុជាឲ្យកាន់តែខ្លាំងត្រៀមការប្រកួតអន្ដរជាតិនានា ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពី ៧រាជធានី-ខេត្ត និងក្រសួង ចូលរួមប្រកួតលើ ៦វិញ្ញាសា ក្រៅពីវិញ្ញាសា HEYBALL ឯកត្ដជន គឺមានវិញ្ញាសា ស្នូកឃ័រក្រហម១៥ ឯកត្តជន, ស្នូកឃ័រក្រហម៦ ឯកត្តជន, ស្នូកឃ័រក្រហម៦ ជាក្រុម, ភូលគ្រាប់ទី៩ ឯកត្តជន និងវិញ្ញាសា ការ៉ុម៣បាំង ឯកត្តជន ៕