(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញសហព័ន្ធកីឡាហោះហើរកម្ពុជា ត្រូវពង្រឹងការហ្វឹកហាត់ ក៏ដូចដុសខាតសមត្ថភាពអត្តពលិករបស់ខ្លួន ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា បន្ទាប់ពីទទួលបានការអញ្ជើញជាបន្ដបន្ទាប់ ។

ការជំរុញនេះ ធ្វើឡើងក្នុងកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ និងពិធី ប្រគល់សញ្ញាបត្របញ្ចប់វគ្គសិក្សាហោះហើរប៉ារ៉ាម៉ូទ័រ ឆ្នាំសិក្សា២០២៣/២៤ ជំនាន់ទី១ របស់សហព័ន្ធ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ថ្លែងចំពោះមុខថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោក វ៉ាត់ ចំរើន បានបង្ហើបថា ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក កាលពីពេលថ្មីៗនេះ ម្ចាស់ផ្ទះថៃ បានបង្ហាញពីបំណងដាក់កីឡាហោះហើរ ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ក្នុងនាមប្រភេទកីឡាបង្ហាញ (Demonstration Sports) ហើយសហព័ន្ធកីឡាហោះហើរថៃ ក៏សំណូមពរឲ្យកម្ពុជាចូលរួមផងដែរ ។

យោងតាមសំណើរនេះ មន្ដ្រីជាន់ខ្ពស់ NOCC ខាងលើ បានជំរុញឱ្យសហព័ន្ធយកចិត្តទុកដាក់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋបាលកីឡា ពិសេសការពង្រឹងការហ្វឹកហាត់របស់អត្តពលិក ដើម្បីត្រៀមការប្រកួតនេះ ដ្បិតបើកីឡាហោះហើរបានដាក់បញ្ចូលស៊ីហ្គេម នេះគឺជាលើកដំបូងហើយ ទោះបីជាក្របខណ្ឌកីឡាបង្ហាញក្ដី តែនៅស៊ីហ្គេមបន្ទាប់ កីឡាហោះហើរ អាចនឹងត្រូវបានដាក់បញ្ចូលជាកីឡាពេញសិទ្ធ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ។

មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបទៀតថា ប្រទេសចិន ក៏បានទាក់ទងមកកម្ពុជា ចូលរួមការប្រកួតលក្ខណៈអន្ដរជាតិនៅប្រទេសខ្លួនដែរ ស្របពេលចិន កំពុងបំផុស និងអភិវឌ្ឍន៍កីឡានេះដូចគ្នា ។ ដោយហេតុនេះ លោកបានលើកទឹកចិត្តឲ្យសហព័ន្ធប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀត ទាំងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែករដ្ឋបាលកីឡា និងពិសេសអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ ដើម្បីត្រៀមការប្រកួតអន្ដរជាតិទាំងអស់នោះ ។

គួរដឹងថា កីឡាហោះហើរ បានចូលមកកម្ពុជា នៅចន្លោះឆ្នាំ២០០០-២០០៤ ហើយបានអភិវឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់ រហូតមានការទទួលស្គាល់កាន់តែច្រើន តាមរយៈការចូលរួមកម្មវិធីថ្នាក់ជាតិធំៗ ដូចជាកីឡាជាតិ ពិធីបុណ្យសមុទ្រ ព្រមទាំងការហោះហើរអបអរក្នុងសង្ក្រាន្ដខេត្តស្វាយរៀង, កម្មវិធី Car and Bike Festival នៅខេត្តសៀមរាប, កម្មវិធី Pre Gumball នៅខេត្តសៀមរាប និងពិធីអុំទូកតាមខេត្ត ក៏ដូចជាកម្មវិធីជាច្រើនទៀត ៕