(បរទេស)៖ ពលរដ្ឋបារាំងចំនួន៧គ្រួសារ បានដាក់ពាក្យប្តឹងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស TikTok ដោយចោទប្រកាន់វេទិកានេះថា បានលាតត្រដាងនូវមាតិកាគ្រោះថ្នាក់ដល់កុមារវ័យជំទង់ ដែលបង្កគ្រោះថ្នាក់នាំឱ្យក្មេងៗទាំងនោះឈានទៅដល់ការបាត់បង់ជីវិតទាំងវ័យក្មេង។ នេះបើតាមសំដីមេធាវីជនគ្រួសារជនរងគ្រោះ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
មេធាវី Laure Boutron-Marmion បានប្រាប់ទូរទស្សន៍ franceinfo ថា បណ្តឹងចោទប្រកាន់នេះ គឺបញ្ជាក់ថា TikTok បានលាតត្រដាងដល់ក្មេងជំទង់ចំនួន៧នាក់ ឲ្យបានឃើញវីដេអូដែលផ្សព្វផ្សាយអំពីការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង និងបញ្ហាផ្សេងៗទៀត។ ក្រុមគ្រួសារក្មេងៗដែលរងគ្រោះ កំពុងចាត់វិធានការរួមគ្នាតាមផ្លូវច្បាប់ ដោយប្តឹងទៅកាន់តុលាការក្រុងCréteil ដើម្បីទទួលបានដំណោះស្រាយ ខណៈនេះត្រូវបានគេចាត់ទុកថា ជាករណីប្តឹងដោយក្រុមលើកដំបូងហើយនៅអឺរ៉ុប។ ឪពុកម្តាយរបស់ក្មេងៗរងគ្រោះទាំងនោះចង់ឱ្យតុលាការផ្តល់យុត្តិធម៌ដល់ពួកគេ ដោយឲ្យ TikTok ចេគមកទទួលខុសត្រូវផ្លូវច្បាប់។
គួរជម្រាបថា TikTok ក៏ដូចទៅនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែរ ដោយកំពុងប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកច្បាប់ជាយូរណាស់មកហើយពាក់ព័ន្ធការរឹតបន្តឹងមាតិកានៅលើកម្មវិធីរបស់ខ្លួន។ តែយ៉ាងណា ជុំវិញបណ្តឹងខាងលើនេះ TikTok មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការបំភ្លឺបាននោះទេ៕