(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ មានមោទនភាពប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី-CBC) ក្នុងការដាក់ដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនៅលើកម្មវិធី ABA Mobile។
សេវាកម្មនេះអនុញ្ញាតឲ្យប្រើប្រាស់ ABA Mobile តាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ ស្ករ (K-Score) យ៉ាងងាយស្រួលពីក្នុងអេបផ្ទាល់។
របាយការណ៍ឥណទានសំដៅលើកំណត់ត្រាដោយផ្នែកៗ ដែលអ្នកប្រើប្រាស់អាចពិនិត្យមើលព័ត៌មាននៃប្រវត្តិឥណទានផ្ទាល់ខ្លួនរបស់ពួកគេ និងអាចពិនិត្យមើលការសាកសួរពីមុនៗ។ ខេ ស្ករ គឺជាតំណាងលេខតែមួយនៃរបាយការណ៍ឥណទានរបស់អ្នកដាក់ពាក្យ ដោយវាយតម្លៃហានិភ័យឥណទានសក្តានុពលរបស់ពួកគេ និងព្យាករណ៍ពីលទ្ធភាពនៃការបង់ប្រាក់ខុស។
អនុស្សរណៈយោគយល់ (MOU) រវាង ABA និងស៊ីប៊ីស៊ី បានចុះហត្ថលេខា ដោយមានការចូលរួមពីលោក លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ ABA និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC ព្រមទាំងអ្នកតំណាងមកពីស្ថាប័នទាំងពីរជាច្រើនរូបទៀត។
តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនអាចស្នើសុំ របាយការណ៍ឥណទានផ្លើស និងពិន្ទុ ខេ-ស្ករ របស់ CBC ដោយផ្ទាល់តាមរយៈ ABA Mobile។ ការភ្ជាប់ប្រព័ន្ធនេះ មានបំណងពង្រឹងបទពិសោធរបស់អតិថិជន និងលើកកម្ពស់ឥរិយាបថនៃការចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់នូវមធ្យោបាយសម្រាប់គ្រប់គ្រងការទូទាត់របាយការណ៍ឥណទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។
លោក Askhat Azhikhanov បានមានប្រសាសន៍ថា ការដាក់ដំណើរការសេវាកម្មនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំចំពោះបរិយាបន្ន និងការអប់រំផ្នែកហិរញ្ញវត្ថុ។ តាមរយៈការភ្ជាប់ប្រព័ន្ធរបស់ CBC ដោយផ្ទាល់ទៅក្នុង ABA Mobile យើងខ្ញុំអាចជួយសម្រួលដល់អតិថិជនក្នុងការតាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់ធ្វើការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា យើងខ្ញុំ មានភាពសមនស្សយ៉ាងក្រៃលែងក្នុងការសហការជាមួយធនាគារ ABA ដើម្បីឲ្យអតិថិជន ABA អាចទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និង ខេ ស្ករ តាមរយៈសេវាកម្មរបស់ CBC នៅលើ ABA Mobile។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញឌីជីថលូបនីយកម្មរបស់យើងខ្ញុំ ដើម្បីផ្តល់នូវបទពិសោធន៍រលូនសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអាចឲ្យពួកគាត់ចូលមើលព័ត៌មានហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះនៅលើស្មាតហ្វូនរបស់ពួកគេ។
លោកបានបន្ថែមថា យើងខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណោះដឹងផ្នែកហិរញ្ញវត្ថុនិងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសម្រាប់អតិថិជនកម្ចីជាច្រើន។
ឥឡូវនេះ អ្នកប្រើប្រាស់ ABA Mobile អាចចូលមើលព័ត៌មានឥណទានរបស់ខ្លួនបានតាមជំហានដូចខាងក្រោម៖
* បើកអេប ABA Mobile ហើយចូលទៅកាន់ផ្នែក សេវាកម្ម
* ចុចលើ ក្រេឌីត ប្យួរ៉ូ ខេមបូឌា ហើយយល់ព្រមតាម ខ និងលក្ខខណ្ឌ
* នៅលើទំព័រដើម សូមជ្រើសរើស កញ្ចប់របាយការណ៍ឥណទានផ្លើស ឬ ពិន្ទុ ខេ-ស្ករ ហើយផ្ទៀងផ្ទាត់ព័ត៌មាន
* ជ្រើសរើសគណនី ABA ណាមួយ ដើម្បីទូទាត់ បន្ទាប់មក ស្វែងរករបាយការណ៍ឥណទាន/ពិន្ទុ ខេ-ស្ករ លើទំព័រដើម។
ធនាគារ ABA និង CBC សូមលើកទឹកចិត្តឲ្យអតិថិជនគ្រប់រូបស្នើសុំរបាយការណ៍ឥណទាន និងពិន្ទុ ខេ ស្ករ ពី ABA Mobile ដើម្បីដឹងអំពីស្ថានភាពឥណទានរបស់ខ្លួន៕