(វៀតណាម)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមទាំងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានរួមគ្នាអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកម្មវិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ដោយនៅថ្ងៃនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងពុទ្ធបរិស័ទ្ធ ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ គង់នៅវត្តពោធិគិរីវង្សារាម។
លោកជំទាវអ្នកឧកញ៉ាបានសម្ដែងក្ដីរីករាយ ដែលបានចូលរួមអមដំណើរធ្វើបុណ្យមហាសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមហាគ្រួសារខ្មែរ ដោយបានបង្ហាញអំពីការសាមគ្គីគ្នាជាធ្លុងមួយជួយលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ និងបានស្វែងយល់ពីវប្បធម៌របស់នៅរបស់បងប្អូនខ្មែរក្រោម ជាពិសេសគឺការធ្វើបុណ្យទានតាមប្រពៃណីសាសនាខ្មែរ ខណៈដែលកន្លងមកយើងពុំដែលបានឃើញផ្ទាល់នោះទេ។ តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះដែរ គឺជាការចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅខ្មែរក្រោមមានវត្តសរុបចំនួន ៤៦១វត្ត ហើយសម្រាប់ខេត្តត្រាវិញ មានវត្តសរុបចំនួន ១៤៣វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក។ វត្តនេះមានអាយុកាល ១២០ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តជាច្រើនអង្គ។
ប្រជាពលរដ្ឋខ្មែរក្រោម និងខ្មែរពីប្រទេសកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរគ្មានអ្វីប្រៀបផ្ទឹមនោះឡើយ ចំពោះព្រឹត្តិការណ៍អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ។ ពួកគេបានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ បានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងខឿនវប្បធម៌ប្រពៃណីរបស់ខ្មែរ នៅខ្មែរក្រោម។ កាន់តែពិសេសពីលើនេះទៀត ព្រឹត្តិការណ៍នេះ ក៏បានបើកបង្ហាញឱ្យឃើញនូវទឹកចិត្ត សមានចិត្ត ក្តីស្រឡាញ់ ការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនខ្មែរក្រោម។
កាន់តែពិសេសទៀតនោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ បានចូលរួមផ្តល់កម្តៅបេះដូង និងចាក់បញ្ចូលឱសថថាមពលដ៏មហិមាសម្រាប់ពលរដ្ឋខ្មែរក្រោម បន្តប្រឹងប្រែងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ជាមួយបងប្អូនផ្នែកសិល្បៈខ្មែរក្រោមថា ការថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ គឺជារឿងដ៏សំខាន់សម្រាប់ខ្មែរគ្រប់ទីកន្លែង៕