(ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ (CMAS 1st SEA Finswimming Championship Indoor) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា បានបញ្ចប់ត្រឹមលេខ២ ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦) ។
ការប្រកួតប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំ ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (CMAS SEA) ដោយមានប្រតិភូ និងអត្តពលិក ៧ប្រទេសចូលរួមប្រកួត រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ដោយធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាអគ្គលេខាធិការ CMAS SEA បានបង្ហាញមោទនភាព ចំពោះជោគជ័យតាមការរំពឹងទុក ចាប់ពីការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការធ្វើដំណើរ ក៏ដូចជាការធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់ល្អ កំឡុងការប្រកួត ។ អ្វីដែលពិសេស គឺការបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ៧ប្រទេស ក្នុងនាមប្រទេសក្មេងខ្ចី ដែលទើបរៀបចំ និងអភិវឌ្ឍន៍កីឡាហែលទឹកពាក់ជើងទានៅកម្ពុជា ។
លោកបន្ដថា «អ្វីដែលជាមោទនភាពបំផុត គឺកម្ពុជាឈរនៅលំដាប់ទី២ បន្ទាប់ពីវៀតណាម ដែលជាប្រទេសខ្លាំងលើប្រភេទកីឡាហែលទឹកពាក់ជើងទាក្នុងតំបន់អាស៊ាន ។ ថ្វីដ្បិតកម្ពុជា ទើបរៀបចំ និងចូលរួមសកម្មភាពកីឡាហែលទឹកពាក់ជើងទា ក្នុងឆ្នាំ២០២២ តែយើងមានការអភិវឌ្ឍជានិរន្ដ តាមពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម រហូតដល់កម្ពុជាធ្វើម្ចាស់សផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងបន្ដធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ នៅពេលនេះ ដោយពួកយើងដណ្ដើមបានមេដាយមាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦ ដោយឈរលើឥណ្ឌូនេស៊ី និងថៃ ដែលជាប្រទេសខ្លាំងដូចគ្នា» ។
បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អ តែរក្សាមេដាយមាសត្រឹម ២គ្រឿង ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣ នេះ ក្នុងនាមសហព័ន្ធ លោក ហែម គិរី បានដាក់គោលដៅនឹងបន្ដជំរុញកីឡាហែលទាក់ពាក់ជើងទាឲ្យបានកាន់តែខ្លាំង ដើម្បីឈានទៅបង្កើនមេដាយមាសនៃការប្រកួតលើកក្រោយ ពិសេសការប្រកួតក្នុងតំបន់តែម្ដង ។
គួរដឹងថា សរុបលទ្ធផលនៃព្រឹត្តិការណ៍ CMAS 1st SEA Finswimming Championship Indoor 2024/25 នៅកម្ពុជា គឺក្រុមអត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប សរុប ៣៩គ្រឿង (មាស ២១ ប្រាក់ ១៤ និងសំរឹទ្ធ ៤) ខណៈកម្ពុជា ឈរលេខ២ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦) ។ រីឯឥណ្ឌូនេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) និងថៃ ឈរលេខ៤ ឈ្នះមេដាយសរុប ១១គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១០) ។ ចំណែកម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ពុំទទួលបានមេដាយនោះទេ ៕