(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅថ្ងៃអង្គារសប្តាហ៍នេះ និងបានដណ្តើមតំណែងក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅលើទីផ្សារពិភពលោក ដែលនេះជាលើកទីពីរហើយ សម្រាប់ Nvidia ឡើងមកឈរតំណែងកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើងជិត ៣% ពេលបិទការជួញដូរ ដែលនាំឲ្យក្រុមហ៊ុននេះមានតម្លៃរហូតដល់ ៣.៤៣ ទ្រីលានដុល្លារ នាំមុខ Apple ដែលមានចំនួន ៣.៤ ទ្រីលានដុល្លារ។ ភាគហ៊ុនរបស់ Nvidia បានកើនឡើងជិតបីដងក្នុងឆ្នាំ២០២៤នេះ ដោយសារតែវិនិយោគិនបង្ហាញទំនុកចិត្តកាន់តែខ្លាំងឡើងលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរក្សាអត្រាកំណើនយ៉ាងឆាប់រហ័ស ដែលអាជីវកម្មមានភាពរីកចម្រើនជំរុញដោយផលិតផល GPUs និងបានគ្រងតំណែងជាអ្នកដឹកនាំនៅក្នុងទីផ្សារបញ្ញាសិប្បនិម្មិត AI។ ងាកមកភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនឡើងប្រហែល ១៧% នៅឆ្នាំនេះ បើទោះបីជាអ្នកវិភាគជាច្រើននិយាយថា ការចេញផ្សាយ Apple Intelligence នៅលើ iPhones អាចជំរុញការលក់កើនឡើង និងធ្វើឱ្យក្រុមហ៊ុនស្ថិតក្នុងតំណែងជាអ្នកដឹកនាំក្នុងយុគសម័យ AI ក៏ដោយ។
គួរជម្រាបថា Nvidia គឺជាអ្នកផ្គត់ផ្គង់ដ៏លេចធ្លោនៃផលិតផល GPUs ដែលត្រូវបានប្រើដើម្បីអភិវឌ្ឍនិងប្រើប្រាស់កម្មវិធី AI កម្រិតខ្ពស់ដូចជា ChatGPT របស់ OpenAI ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងច្រើនជាង ២,៧០០% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូលបានកើនឡើងច្រើនជាងពីរដង ក្នុងមួយត្រីមាសចុងក្រោយនេះ ដែលកើនឡើងបីដងក្នុងចំនួនបី៕