(បរទេស)៖ លោក Lennox Lewis អតីតកីឡាករប្រដាល់សកលចូលនិវត្តន៍បានគិតថា Tyson Fury ត្រូវតែហ្វឹកហាត់ឱ្យបានខ្លាំងក្លាជាងនេះ ដើម្បីផ្តួលសត្រូវចាស់ Oleksandr Usyk ពីការប្រកួតសងសឹករបស់គេនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Fury វ័យ ៣៦ឆ្នាំ បានកំពុងរកវិធីសងសឹកកីឡាករអ៊ុយក្រែន Usyk ដែលវាយមិនដែលចាញ់ ដ្បិតកីឡាករអង់គ្លេសរូបនេះ ទើបតែបានចាញ់លើកទី១ កាលជួបគ្នាក្នុងខែឧសភាឆ្នាំនេះ។
Lewis អតីតកីឡាករទម្ងន់ធ្ងន់វាយមិនដែលចាញ់រូបនេះបានមើលឃើញថា Fury អាចយកឈ្នះ Usyk បាន ដរាបណា រូបគាត់បានសិក្សាពីកំហុសដែលបានបរាជ័យកាលពីខែឧសភាមក ជាមួយនឹងការហ្វឹកហាត់ខ្លាំងក្លាឡើងទៀតផង។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំគិតថា Fury គួរតែសិក្សានូវអ្វីដែលជាតម្រូវការនាពេលខាងមុខ ព្រោះកន្លងមកគាត់ធ្វើមិនទាន់គ្រប់គ្រាន់ទេ។ គាត់ត្រូវតែធ្វើឱ្យបានច្រើនជាងនេះតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ផងថា Tyson Fury បានស្គាល់រសជាតិចាញ់ជាលើកដំបូង ពីការឡើងវាយសរុប ៣៦ប្រកួត ក្រៅពីធ្លាប់ឈ្នះ ៣៤លើក និងស្មើ ១លើកផងដែរ ដ្បិតគូប្រជែងចុងឆ្នាំនេះ Oleksandr Usyk នៅតែរក្សាកំណត់ត្រាវាយ ២២លើក មិនដែលចាញ់ដដែល៕