(មីឡាន)៖ Martin Odegaard ប្រធានក្រុមកាំភ្លើងធំ ទំនងជាអាចបង្ហាញខ្លួនវិញនៃជំនួបរវាង Arsenal និង Inter Milan នារាត្រីនេះនៅពានរង្វាន់អឺរ៉ុប UEFA Champions League 2024-2025 បន្ទាប់ពីអវត្តមាន ១២ប្រកួតមកនេះ ដោយសាររបួសកជើងធ្ងន់ធ្ងរ។

ពីគេទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើអន្តរជាតិន័រវេស វ័យ ២៥ឆ្នាំខាងលើនេះ បានអវត្តមាន ១២ប្រកួតគ្រប់កម្មវិធីរបស់ Arsenal គិតចាប់តាំងពីខែកញ្ញា ដ្បិតត្រូវសម្រាកព្យាបាលរបួសកជើងដែលបានវះកាត់ នាអំឡុងលេងឱ្យជម្រើសជាតិ។

Odegaard បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅឯទីលាន Colney ស្ថិតក្នុងទីក្រុង London កាលពីថ្ងៃអង្គារម្សិលមិញ មុនពេលជិះយន្តហោះទៅទីក្រុង Milan ដើម្បីប្រកួតទល់នឹងម្ចាស់ផ្ទះ Inter Milan នៅរាត្រីនេះ (ម៉ោងនៅកម្ពុជា) ក្នុងប្រកួតទី៤ ជើងទី១ នៃវគ្គសន្សំពិន្ទុទាំង ៣៦ក្រុម។

គ្រូបង្វឹក Mikel Arteta បានថ្លែងក្នុងសន្និសីទកាសែត មុនការប្រកួតមកដល់ថា «គាត់បានវិលត្រឡប់លឿនជាងបន្តិច ពីអ្វីដែលយើងបានគ្រោងទុក។ វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលបានគាត់មករួមក្រុមវិញបែបនេះ»

ជាមួយគ្នានោះដែរ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានបញ្ជាក់ផងថា ខ្សែប្រយុទ្ធ Bukayo Saka នឹងធ្វើជាប្រធានក្រុមនៅរាត្រីថ្ងៃពុធនេះ ដោយហេតុថា Odegaard ទំនងជាអង្គុយនៅកៅអីបម្រុងសិន។

ក្នុង Champions League រដូវកាលនេះ Arsenal បានលេងឈ្នះ ២ប្រកួត និងស្មើ ១លើក ក្នុងចំណោម ៣ប្រកួតមកនេះ និងមាន ៧ពិន្ទុផងដែរស្មើនឹងគូប្រជែង Inter Milan ដែលបានយកឈ្នះ Young Boys និង Red Star Belgrade និងលេងស្មើនៅក្នុងផ្ទះ Manchester City ផងដែរ៕