(បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានរងការវាយប្រហារដ៏ធំមួយទាក់ទងនឹងការហាមប្រាមការលក់ iPhone 16 និង Apple Watch 10 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញការមិនអនុលោមតាមច្បាប់។ ដើម្បីដោះស្រាយបញ្ហានេះ Apple បានសន្យាថា ខ្លួននឹងវិនិយោគខ្ទង់ ១០លានដុល្លារឯណោះ នៅរោងចក្រថ្មីមួយនៅក្នុងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពពីសារព័ត៌មាន​ Bloomberg បានរាយការណ៍ថា​ ការវិនិយោគនេះនឹងត្រូវធ្វើឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុករបស់ Apple ដែលមានឈ្មោះថា Yageo ជាមួយរោងចក្រថ្មី ហើយនឹងផ្តោតលើការផលិតគ្រឿងបន្លាស់ និងសមាសធាតុសម្រាប់ឧបករណ៍ Apple។ យ៉ាងណាមិញ​ គម្រោងវិនិយោគនេះនៅមិនទាន់មានការយល់ព្រមពីរដ្ឋាភិបានឥណ្ឌូនេស៊ីនៅឡើយនោះទេ ខណៈ Bloomberg បញ្ជាក់ Apple បានដាក់សំណើររបស់ខ្លួនទៅកាន់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមដើម្បីលុបចោលការហាមឃាត់លើឧបករណ៍របស់ខ្លួន។

គួរជម្រាបថា Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែ Google ក៏ត្រូវបានហាមប្រាមមិនឱ្យលក់​ Pixel 9 របស់ខ្លួននៅទីនោះផងដែរ។ ជុំវិញការមិនគោរពតាមច្បាប់មាតិកាក្នុងស្រុក ដែលតម្រូវឱ្យក្រុមហ៊ុនបរទេសប្រើប្រាស់សមាសធាតុក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយ៕