(បរទេស)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលទើបជាប់ឆ្នោតលោក Donald Trump បានរាយការណ៍ពីការខាតបង់ប្រមាណ ១៩.២លានដុល្លារនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដោយសារតែថ្លៃសេវាផ្លូវច្បាប់ និងការចំណាយទាក់ទងនឹងកិច្ចព្រមព្រៀងផ្សាយទូរទស្សន៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុន Trump Media & Technology Group បាននិយាយថា តួរលេខនេះរាប់បញ្ចូលទាំងថ្លៃសេវាផ្លូវច្បាប់ចំនួន ១២.១លានដុល្លារ ដែលផ្តើមចេញពីការទិញបច្ចេកវិទ្យាផ្សាយតាមទូរទស្សន៍ក្នុងខែសីហា និងថ្លៃសេវានៅសល់ទាក់ទងនឹងកិច្ចព្រមព្រៀង SPAC (Special Purpose Acquisition Company) របស់ខ្លួនក្នុងខែមីនា។ បន្ថែមពីលើការចំណាយផ្នែកច្បាប់ Trump Media បានរាយការណ៍ថា ប្រហែល ៣.៩លានដុល្លារបានចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងត្រីមាស។
គួរជម្រាបថា ប្រាក់ចំណូលរបស់ Trump Media សម្រាប់រយៈពេលនេះមានកម្រិតទាប ដែលសរុបមានចំនួន ១លានដុល្លារ រកបានក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ខែកញ្ញា) ខណៈដែលទឹកប្រាក់សរុបដែលក្រុមហ៊ុននេះកាន់កាប់បច្ចុប្បន្នមានចំនួនសរុប ៦៧២.៩ លានដុល្លារជាសាច់ប្រាក់ និងសមមូលសាច់ប្រាក់ រួមទាំងការវិនិយោគរយៈពេលខ្លី ហើយបានរាយការណ៍ថាមិនមានបំណុល។ បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុនរបស់ Trump Media ឃើញថាបានកើនឡើងប្រហែល ២ភាគរយ បន្ទាប់ពីបានធ្លាក់ចុះដំបូង។ តែយ៉ាងណាក្រុមហ៊ុននេះត្រូវបានគេរំពឹង នឹងដំណើរការល្អឡើងវិញ ខណៈម្ចាស់ក្រុមហ៊ុនលោក Donald Trump ទើបតែបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី៕