(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិចនៃខ្លោងទ្វារតាកាវ (ក្រុងអង្គរធំ) ឱ្យរឹងមាំឡើងវិញ។

គួរជម្រាបថា ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។

បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ បានឱ្យដឹងថា ប្រាសាទទ្រមូងរងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែកថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញបានរលំនិងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែករចនាសម្ពន្ធផ្នែកខាងលិចនិងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។

ដោយសារតែប្រាសាទទ្រមូ រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក គេអាចឱ្យដឹងថាថ្មដែលនៅរាយប៉ាយលើដីនាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះបានកំណត់អត្តសញ្ញាណរួចហើយ មានដូចជាថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿនគ្រឹះរបស់តួប៉មកណ្តាល៕