(រីយ៉ាដ)៖ ក្លិបបាល់ទាត់ Al-Hilal បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Neymar របស់ពួកគេនឹងអវត្តមានចាប់ពី ៤ទៅ៦សប្តាហ៍បន្ថែមទៀត ក្រោយពេលរងរបួសរហែកសាច់ដុំកាលពីថ្ងៃចន្ទ។

ពីគេហទំព័រ Reuters បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីលខាងលើនេះ នឹងបន្តខកខានជួយ Al-Hilal ដែលបាន កំពុងក្តោបក្តាប់តំណែងកំពូលតារាង Pro League ជាមួយនឹង ២៥ពិន្ទុ ដ្បិតកំពុងនាំមុខក្រុមលេខ២ Al Ittihad ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់បាន ៩ប្រកួតនារដូវកាលថ្មីនេះដូចគ្នា។

Neymar ដែលទើបវិលចូលទីលានវិញបាន ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ ដែលបានចំណាយពេលព្យាបាលជាង ១ឆ្នាំមកនេះ។ រូបគេត្រូវបានដាក់ឱ្យចូលលេងបាន ២៩នាទីផងដែរ នៅពេល Al-Hilal បានយកឈ្នះគូប្រជែង Esteghlal របស់អ៊ីរ៉ង់ ៣-០ ក្នុងពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League កាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ផងថា Neymar ទើបតែបានចូលលេងក្នុងក្លិបរបស់អារ៉ាប៊ីសាអូឌីត Al-Hilal បានតែ ៧ប្រកួតប៉ុណ្ណោះ គិតចាប់តាំងពីផ្ទេរចេញពី PSG របស់បារាំង ក្នុងតម្លៃដែលត្រូវបានគេរាយការណ៍ថា ៩៨លានដុល្លារនាអំឡុងខែសីហា ឆ្នាំទៅ៕