(មេនឆេស្ទើ)៖ គ្រូបង្វឹកស្តីទី Ruud van Nistelrooy មិនប្រាកដក្នុងចិត្តទេ ថាតើលោកនឹងបន្តកាន់តួនាទីជាគ្រូជំនួយទៀត ឬក៏យ៉ាងណា បន្ទាប់ពីដឹកនាំលេង ២ប្រកួតចុងក្រោយក្នុងសប្តាហ៍នេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិហូឡង់ខាងលើនៅសល់ ២ប្រកួត ក្នុងចំណោម ៤ប្រកួតរបស់បិសាចក្រហម ដែលត្រូវបានតែងតាំងដឹកនាំបណ្តោះអាសន្ន ជំនួសកៅអីលោក Erik ten Hag ដែលត្រូវបានដកតំណែងកាលពីខែតុលា ឆ្នាំ២០២៤។

នៅក្រោយពេលបញ្ចប់ការប្រកួតទល់នឹង PAOK នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ និង Leicester City នៅរាត្រីថ្ងៃអាទិត្យចុង សប្តាហ៍នេះរួចមក លោក Van Nistelrooy បានថ្លែងប្រាប់ក្នុងសន្និសីទ មុនប្រកួតនៅ Europa League យប់នេះថា «វាលំបាកក្នុងការនិយាយរឿងអនាគតនៅពេលនេះ ហើយក៏កំពុងទន្ទឹងរង់ចាំការជជែកគ្នាដែរ។ អ្វីដែលសំខាន់នៅពេលនេះ គឹផ្តោតលើការធ្វើឱ្យបានល្អ និងទំនួលខុសត្រូវ។ លើសពីនេះទៀត ខ្ញុំក៏សូមស្វាគមន៍លោក Ruben Amorim ក្នុងការមកកាន់ Old Trafford។ ខ្ញុំក៏រីករាយក្នុងការជួយគាត់នៅទីនេះដែរ»

គួររំលឹកផងថា ស្ថិតក្រោមការបង្វឹករបស់លោក Ruud van Nistelrooy ២ប្រកួតមកនេះ Man Utd បានទម្លាក់គូប្រជែងក្នុងលីគ Leicester ដើម្បីឈានទៅកាន់វគ្គ ៨ក្រុមនៃពាន League Cup មុនមកលេងស្មើ ១-១ ទល់នឹងតោខៀវនៅ Premier League មុនពេលអ្នកចាត់ការទូទៅថ្មី លោក Amorim ចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សប្តាហ៍ក្រោយ៕