(អាប៊ូដាប៊ី)៖ តារាវាយកូនហ្គោលលំដាប់លេខ៣ ពិភពលោក Rory McIlroy ជឿជាក់ថា ការវិលត្រឡប់មកកាន់សេតវិមានជាលើកទី២ របស់លោក Donald Trump នឹងពាំនាំសន្តិភាពរវាងក្របខណ្ឌ PGA Tour និង Saudi Arabia ដោយមានវត្តមានលោក Elon Musk ជាតួអង្គសំខាន់ផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា US Tour របស់អាមេរិក បានកំពុងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ PIF របស់អារ៉ាប៊ីសាអូឌីត ដើម្បីចាប់ដៃគូក្នុងកម្មវិធីកម្រិតអាជីពផ្នែកបុរស ដ្បិតបច្ចុប្បន្ននេះ តារាឆ្នើមៗជាច្រើនបានកំពុងជាប់បម្រាមពី PGA Tour នៅឡើយ។
កិច្ចព្រមព្រៀងមួយដែលបានស្នើឡើងជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២៣ គឺមានការខ្វែងគំនិតគ្នារវាងនាយកដ្ឋានយុត្តិធម៌អាមេរិក ដែលបង្ហាញពីការព្រួយបារម្ភ ពីការបំពានច្បាប់ប្រកួតនានា។
ទាក់ទិននឹងបញ្ហានេះដែរ លោក Rory McIlroy បានថ្លែងក្នុងសន្និសីទនៅទីក្រុង Abu Dhabi នាប្រទេសអារ៉ាប់រួមកាលពីថ្ងៃពុធ ក្រោយទទួលដំណឹង Trump បានឈ្នះឆ្នោតថា «គិតពីអ្វីដែលបានកើតឡើង ខ្ញុំគិតថាវារាងធូរស្បើយបន្តិចហើយ»។
លោកសង្កត់ធ្ងន់ថា Trump ធ្លាប់បានថ្លែងទាក់ទងនឹង Golf កាលពីដើមសប្តាហ៍ មុនការបោះឆ្នោតមកដល់ថា «លោកអាចដោះស្រាយបានដែល Trump បានហៅថា ជាវិវាទផ្ទៃក្នុង»។
McIlroy វ័យ ៣៥ឆ្នាំបានគូសបញ្ជាក់ថា «យើងចាំមើល Trump ពិតជាអាចដោះស្រាយបាន ព្រោះគាត់មាន Elon Musk ដែលជាបុរសឆ្លាតវៃបំផុតលើលោកនៅពីក្រោយខ្នងគាត់។ មួយវិញទៀត Trump មានទំនាក់ទំនងល្អស្រាប់ជាមួយអារ៉ាប៊ីសាអូឌីត និងជាអ្នកចូលចិត្តលេង Golf មួយរូបផងដែរ»៕