(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើតរបស់ប្រាសាទប្រែរូប ដំណាក់កាលទី២ សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤នេះ។
លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប បានឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូបបានខូចខាត និងមានហានិភ័យដល់សំណង់ ព្រមទាំងភ្ញៀវទេសចរមិនអាចដើរឆ្លងកាត់។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹងផ្នែកខាងក្នុងនៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនាសម្ពន្ធមួយចំនួនសម្រាប់ភាពរឹងមាំយូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារទាំងមូល។
លោក សូរ ប៉ោត បានបញ្ជាក់ថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ផ្នែកខាងជើង រួចរាល់ គឺរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរក៏អាចដើរចេញចូលទស្សនាតាមខ្លោងទ្វារទិសខាងកើតដ៏សំខាន់នេះដោយសុវត្ថិភាព។
អ្នកជំនាញរូបនេះរម្លឹកថា ការខូចខាតនៃរចនាសម្ពន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាលនៃសម្ភារសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។ កន្លងមក នៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀតមានប្រទេសអ៉ីតាលីផង៕