(បរទេស)៖ ថ្មីៗនេះ ប្រទេសកាណាដាបានបញ្ជាឱ្យរំលាយប្រតិបត្តិការ TikTok នៅក្នុងប្រទេសកាណាដា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិទាក់ទងនឹងក្រុមហ៊ុនមេរបស់ចិនគឺ ByteDance។ តែមិនបានន័យថា កាណាដាហាមឃាត់ប្រជាពលរដ្ឋមិនឱ្យប្រើកម្មវិធីកម្សាន្តនេះទេ ពោលគឺរដ្ឋាភិបាលនឹងនៅតែអនុញ្ញាតឱ្យចូលប្រើប្រាស់ធម្មតា បិទតែប្រតិបត្តិការអាជីវកម្មតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Francois-Philippe Champagne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាល កំពុងចាត់វិធានការដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិទាក់ទងនឹងប្រតិបត្តិការរបស់ Bytedance នៅក្នុងប្រទេសកាណដា តាមរយៈការបិទក្រុមហ៊ុន TikTok Technology Canada Inc»។ លោកបានកត់សម្គាល់ថា ការសម្រេចចិត្តនេះគឺផ្អែកលើភស្តុតាងដែលប្រមូលបានក្នុងអំឡុងពេលត្រួតពិនិត្យ និងអនុសាសន៍ពីភ្នាក់ងារសន្តិសុខ និងចារកម្មរបស់ប្រទេសកាណាដា។
នៅក្រោមច្បាប់របស់ប្រទេសកាណាដា ជាពិសេសច្បាប់ស្តីពីការវិនិយោគកាណាដា (ICA) រដ្ឋាភិបាលមានសិទ្ធិអំណាចក្នុងការវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិដែលបង្កឡើងដោយការវិនិយោគបរទេស ដូចជា TikTok ជាដើម។ ប៉ុន្តែ រដ្ឋាភិបាលមិនអាចបង្ហាញព័ត៌មានលម្អិតអំពីករណីនេះបានទេ ខណៈច្បាប់នេះបានរារាំងមិនឱ្យបង្ហាញព័ត៌មានលម្អិត។
គួរជម្រាបថា TikTok គ្រោងនឹងជំទាស់នឹងដីការនៅតុលាការក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបិទការិយាល័យរបស់ TikTok នៅកាណាដា និងប៉ះពាល់ដល់ការងារក្នុងស្រុករាប់រយ ហើយវាមិនមែនជាមធ្យោបាយល្អសម្រាប់នរណាម្នាក់នោះទេ ហើយបានអះអាងថា ខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ»៕