(អារ៉ាប៊ីសាអូឌីត)៖ ក្លិប Al-Hilal មានការពិចារណានៅការបញ្ចប់កិច្ចសន្យារបស់ Neymar នៅខែមករាឆ្នាំ២០២៥ បន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានបន្តជួបបញ្ហារបួសជាថ្មីទៀត នៃរបួសរហែកសាច់ដុំ មានរបាយការណ៍បង្ហាញថាត្រូវអវត្តមានយ៉ាងហោចណាស់ ៤ ទៅ ៦សប្តាហ៍។
យោងតាមរបាយការណ៍ពីគេហទំព័រ UOL គឺក្លិប Al-Hilal មានការសង្ស័យជាខ្លាំងលើតួនាទីការងាររបស់ Neymar នៅការលេងក្នុងរយៈពេល ៦ខែចុងក្រោយនៃរដូវកាលនេះ ដែលជាកីឡាករមានតម្លៃពលកម្មប្រមាណ ១៣០លានផោនក្នុងមួយឆ្នាំ ដែលកិច្ចព្រមព្រៀងត្រូវផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ ៕
កីឡាករឆ្នើមវ័យ ៣២ឆ្នាំ Neymar ទើបតែវិលមកលេងបានវិញឱ្យក្រុម Al-Hilal កាលពីខែមុន បន្ទាប់ពីសម្រាកព្យាបាលរបួសសរសៃជង្គង់ (ACL) រយៈពេល ១ឆ្នាំ ដែលកើតឡើងនៅអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល កាលពីខែតុលា ឆ្នាំ២០២៣ ។
បញ្ហានេះជាការបន្តរងនូវការខកចិត្តជាថ្មីទៀតចំពោះ Neymar អំពីការត្រលប់មកវិញ ដែលបានជួបរបួសរហែកសាច់ដុំនេះ កើតឡើងកាលពីថ្ងៃច័ន្ទ ដែលរូបគេចូលលេងបានតែ ២៩នាទី ក្នុងនាមជាកីឡាករបម្រុងនៅជំនួប Al-Hilal ទល់នឹងក្រុម Esteghlal ក្នុងពានរង្វាន់ Asian Champions League ៕