(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជំរុញសហព័ន្ធត្រូវខិតខំដកស្រង់បទពិសោធន៍បច្ចេកទេសពីការប្រកួតអន្ដរជាតិនានា មកពង្រឹង និងបណ្ដុះធនធានកីឡាករ-កីឡាការិនីឲ្យមានសមត្ថភាពកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិ ពិសេសលោកបានផ្ដល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដើម្បីជំរុញវិស័យកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន ទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អពីការប្រកួតលើឆាកអន្ដរជាតិបន្ថែមទៀត ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

ការលើកឡើងនេះ ស្របពេលបានលោកអញ្ជើញបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោកទេសរដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួត ដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អប្រសើរ ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស និងទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់កន្លងមក ជាមួយការព្យាយាម តស៊ូ គោរពវិន័យ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ជាមួយគ្រូបង្វឹក ។

ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍន៍ប្រភេទកីឡានេះ រហូតជ្រើសរើសបានកីឡាករ-កីឡាការិនីឆ្នើមៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព ហើយសង្ឃឹមថា នឹងទទួលបានមេដាយបន្ថែមទៀត សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ បន្ទាប់ពីកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានជោគជ័យជាបន្ដបន្ទាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាការប្រកួតជើងឯកអាស៊ីជាដើម ។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «ខ្ញុំសូមឲ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទពិសោធន៍បច្ចេកទេស ពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់អាជ្ញាកណ្ដាល-ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនោះ មកបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីយើងឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅប្រទេសថៃនាពេលខាងមុខ និងសូមឲ្យសហព័ន្ធខិតខំបំផុសមហាជនឲ្យស្រលាញ់ ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត» ។

លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ថា «បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៩ គឺមានរយៈពេលតែ ៥ឆ្នាំតែប៉ុណ្ណោះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសការត្រៀមលក្ខណៈឲ្យបានពេញលេញធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់សហព័ន្ធ និងក្លិដូចខាងក្រោម៖

១.បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ-កីឡាការិនី តាមក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ និងជ្រើសរើសកីឡាករ-កីឡាការិនីមានទេពកោសល្យវ័យក្មេង។
២.ពង្រឹងសមត្ថភាព ចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព
៣.ជំរុញឲ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តា ក្លឹប សមាគម
៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍ បន្ថែមទៀត
៥.ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន មុនកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥» ។

យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ សម្រាប់កីឡាកាយសម្ព័ន្ធ ដំណើរការប្រកួតពីថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអត្តពលិកចូលរួមសរុបជិត ១០០នាក់ មកពី ៤ក្រសួង និងខេត្ត ។ ជាលទ្ធផលបច្ចេកទេស ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៧ និងសំរឹទ្ធ ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៥), ខេត្ដកំពង់ឆ្នាំង ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៣) និងខេត្តក្រចេះ ឈ្នះមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៤ សរុប ៩គ្រឿង ឈរលេខ៤ ។

ក្នុងនាមមន្ដ្រីបច្ចេកទេសលោកបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការប្រកួតប្រជែងឆ្នាំនេះ ដែលមានអត្តពលិកវ័យក្មេងចូលរួមកាន់តែច្រើន ស្របពេលកម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។ ផ្អែកលើសមិទ្ធផលនេះ បានឆ្លើយតបនឹងអនុសាសន៍ណែនាំរបស់លោកបណ្ឌិត ថោង ខុន ហើយលោកក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដុសខាតសមត្ថភាពកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសបេសកកម្មស៊ីហ្គេម ឆ្នាំ២០២៥ ក៏ដូចជាទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ៕