(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ កម្ពុជានឹងរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024) ជាលើកទី៤ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីតំបន់អរិយធម៍ វប្បធម៍ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្តីពីការរៀបចំកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Tian Yi International Hotel ក្រោមវត្តមានលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International លោកឧកញ៉ា ណាត់ លន់ឌី លោកបណ្ឌិត រស់ ប៉ារ៉ាឌីស និងមានការចូលរួមពីកញ្ញា ដេត ស្រីនាថ Miss Planet Cambodia 2024 រួមទាំងមានអ្នកសារព័ត៌មានជាច្រើនរូបទៀត។
លោកស្រី Halley Amin បានឱ្យដឹងថា Miss Planet International មានបេសកកម្មក្នុងការបង្កើតកម្មវិធីប្រលងមួយក្នុងគោលបំណងជ្រើសរើសឯកអគ្គរាជទូតមកពីប្រទេសនីមួយៗដែលចូលរួម ផ្តោតលើការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ ក៏មានការទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គស្នងការនគរបាលជាតិ និងរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចផងដែរ។
លោកស្រី Halley Amin បានបន្ថែមថា បើតាមផែនការបវរកញ្ញាទាំង ៧០ប្រទេស នឹងចុះមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ហើយថ្ងៃទី២១ និងចូលជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបន្តដំណើរទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតតេជោ, នៅថ្ងៃទី២២ និងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងបរិស្ថាន, នៅថ្ងៃទី២៤ ធ្វើដំណើរទៅទស្សកិច្ចនៅប្រាសាទអង្គរវត្ត ជាមួយគ្នានោះបវរកញ្ញាទាំងអស់ក៏នឹងចូលរួមដាំកូនត្នោតប្រមាណ ២ពាន់ដើមផងដែរ។
បើតាមលោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងដែរថា កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍មួយដែលបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាគឺមានសមត្ថភាពក្នុងការដឹកនាំរៀបចំកម្មវិធីបែបអន្តរជាតិនេះឡើងបាន ដែលមានស្ថាបនិកជាស្ត្រីខ្មែរ ដែលមានសមត្ថភាពអាចគឿងគរដៃគូរចូលរួមប្រមាណ ៧០ប្រទេសចូលរួម ដើម្បីឱកាសក្នុងការជួយផ្សព្វផ្សាយវប្បធម៍ អរិយធម៍ ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយផ្សព្វពីតំបន់ទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោកបាន។
លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងទៀតថា កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ដែលនាំមកនូវកិត្តិនាមរបស់កម្ពុជា ទៅបង្ហាញលើឆាគអន្តរជាតិ ហើយក៏បានផ្តល់ផលចំនេញយ៉ាងច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕