(មេនឆេស្ទើ)៖ ខ្សែបម្រើ Amad Diallo រកបាន ២គ្រាប់ជ័យជម្នះតែម្តង រួមចំណែកជួយ Manchester United យកឈ្នះក្រុមភ្ញៀវ PAOK ២-០ នាយប់មិញ ក្នុងប្រកួតទី៤ នៅពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-2025។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាជា ៣ពិន្ទុលើកដំបូងផងដែររបស់បិសាចក្រហម ក្រោយពេលលេង ៣ប្រកួត ស្មើទាំងអស់នាពេលកន្លងមក ក្នុងនាមក្រុមម្ចាស់ជើងឯកពាន FA Cup របស់អង់គ្លេសរដូវកាលមុន។
ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Old Trafford សម្រាប់ជើងទី១ កីឡាករអន្តរជាតិកូដឌីវ័រ Amad ដែលជា Man of the Match ប្រចាំការប្រកួតនេះផងនោះ រកបានគ្រាប់បាល់ទី១ ក្រោយចាប់ផ្តើមលេងវគ្គទី២ បានតែ ៥នាទីប៉ុណ្ណោះ ពីការបញ្ជូនរបស់មិត្តរួមក្រុម Bruno Fernandes និងបន្តធ្វើបានសម្រេចគ្រាប់ទី២ ទៀតនៅនាទី៧៧ ដើម្បីធានាជ័យជម្នះទៅលើក្រុមជើងឯកមកពីប្រទេសក្រិចតែម្តង។
ក្នុងប្រកួតនោះដែរ កីឡាករ Tarik Tissoudali បានធ្វើឱ្យបាត់បង់ឱកាសដ៏ល្អបំផុតរបស់ PAOK ពីការបញ្ចប់ទីមិនបានសម្រេច ដ្បិតមានចម្ងាយត្រឹមតែ ៨យ៉ាតប៉ុណ្ណោះ នៅពេលអ្នកចាំទី Andre Onana ជួយសង្រ្គោះបាន និងបន្តធ្វើបានល្អទៀត ពេលស៊ុតចេញពីជើងរបស់ Mady Camara ថែមទៀត។
៣ពិន្ទុដ៏សំខាន់លើកដំបូងនេះដែរ បានញាំងឱ្យ Man Utd ស្ថិតក្រោមការបង្វឹកដោយគ្រូបណ្តោះអាសន្ន Ruud van NIstelrooy ហក់ចេញពីលេខ២១ ឡើងទៅឈរនៅលេខរៀងទី១៥ ក្នុងតារាងពិន្ទុវិញ ដ្បិត PAOK ធ្លាក់ទៅលេខ៣៣ ក្នុងចំណោម ៣៦ក្រុម ដែលទើបលេងបាន ៤ប្រកួតដូចគ្នា៕