(ប៉ារីស)៖ លោក Didier Deschamps គ្រូបង្វឹកក្រុមមាន់គកបារាំង បានសម្រេចចិត្តមិនបន្តកោះហៅប្រធានក្រុម Kylian Mbappe ចូលជម្រើសជាតិជាលើកទី២ ទៀតគិតចាប់តាំងពីខែតុលាមក ដើម្បីលេងពានអឺរ៉ុប UEFA Nations League ២ប្រកួតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
លោក Deschamps បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំបានពិភាក្សាជាមួយ Mbappe រួចរាល់ហើយ អំពីការមិនជ្រើសរើសរូបគាត់ចូលជម្រើសជាតិបន្ថែមទៀត ដ្បិតរូបលោកចង់លេងក៏ដោយ»។
នេះមានន័យថា តារា World Cup 2018 Mbappe បន្តមិនជាប់ជម្រើសជាតិជាលើកទី២ ទៀតក្នុងប្រកួតទល់នឹងអ៊ីស្រាអែល និងអ៊ីតាលី ប្រចាំខែវិច្ឆិកានេះ ក្រោយពេលកីឡាករវ័យ ២៥ឆ្នាំរូបនេះ ក៏បានខកខានផងដែរកាលពីខែតុលា ក្នុងយុទ្ធនាការនេះដូចគ្នា បើទោះបីជារូបគេជាសះស្បើយពីបញ្ហារបួសក្តី។
ខ្សែប្រយុទ្ធដែលទើបផ្លាស់ទៅចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid រដូវកាលនេះដោយគ្មានតម្លៃផ្ទេរផងនោះ បានកំពុងជួបភាពត្រដាបត្រដួសនៅកីឡដ្ឋាន Bernabeu ដោយស៊ុតបានតែ ៨គ្រាប់ប៉ុណ្ណោះ ពីការចូលលេងបាន ១៥ប្រកួតគ្រប់កម្មវិធី និងរកបានតែ ១គ្រាប់គត់ ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ៕