(បរទេស)៖ របាយការណ៍ពី Couterpoint បានបង្ហាញថា iPhone 15 របស់ក្រុមហ៊ុនយក្ស Apple ឈរនៅលេខរៀងកំពូលជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងត្រីមាសទី៣ ឆ្នាំនេះ នៅទូទាំងពិភពលោក។ អ្វីដែលនឹកស្មានមិនដល់នោះលេខរៀងបន្ទាប់ក៏មិនត្រូវបានធ្លាក់ទៅលើក្រុមហ៊ុនផ្សេងនោះដែរ ពោលគឺតាមពីក្រោយដោយ iPhone 15 Pro និង iPhone 15 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈការលក់ក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញានេះ មានស្មាតហ្វូនសរុបចំនួន ១០ម៉ូដែល ជាស្មាតហ្វូនដែលលក់បានច្រើនជាងគេបំផុត និងបានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៩ភាគរយនៃការលក់សរុបក្នុងត្រីមាសកន្លងទៅ។ ដោយក្នុងនោះក្រុមហ៊ុនយក្ស Apple ទទួលបានចំណាត់ថ្នាក់កំពូលទាំង ៤ក្នុងចំណោមកំពូលស្មាតហ្វូនទាំង ១០ផ្សេងទៀត ដោយ iPhone 15 នាំមុខគេ ហើយចំណាត់ថ្នាក់លេខ ២ និងលេខ ៣ គឺបានទៅ iPhone 15 Pro/ Pro Max។
យ៉ាងណាមិញក្រៅពីស្មាតហ្វូនរបស់ Apple ហើយនោះស្មាតហ្វូន Samsung ក៏មានចំនួនច្រើននៅលើតារាងកំពូលសកលដូចគ្នា ដែលភាគច្រើនត្រូវបានកាន់កាប់ដោយ Galaxy A ជាស្មាតហ្វូនតម្លៃមធ្យម និងលំដាប់ថវិកា។ ជាក់ស្តែងចំណាត់ថ្នាក់លេខ ៤ត្រូវបានទៅលើ Galaxy A15 4G ហើយ Galaxy A15 5G ឈរនៅចំណាត់ថ្នាក់លេខ ៥ , Galaxy A35 5G លេខ៦, Galaxy A05 លេខ៧, iPhone 14 លេខ៨, Redmi 13c 4G លេខ៩ និងចំណាត់ថ្នាក់លេខ១០ ត្រូវជា Galaxy S24។
គួរជម្រាបថា បើតាមការប្រៀបធៀបទៅនឹងការលក់ឆ្នាំ២០២៣ ក្នុងត្រីមាសដូចគ្នា ឃើញថាមិនសូវខុសគ្នាប៉ុន្មាននោះទេ ដោយស្មាតហ្វូនដែលលក់បានច្រើនជាគេបំផុតសុទ្ធតែជា iPhone កំពូលៗ ហើយ Android វិញភាគច្រើនគឺជាស្មាតហ្វូនដែលមានតម្លៃមធ្យម។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មកស្មាតហ្វូនកំពូលរបស់ Samsung មិនដែលឡើងដល់ចំណាត់ថ្នាក់កំពូលទាំង ១០នោះទេ ហើយនេះគឺជាលើកទី១ ដែល Galaxy S24 អាចបំបែកកំណត់ការលក់បាន៕