(បរទេស)៖ គម្រោងវិនិយោគរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC នៅទឹកដីសហរដ្ឋអាេមរិក ត្រូវបានរាយការណ៍មកថា នឹងមិនប្រែប្រួលឡើយ បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតឡើងមកកាន់តំណែងជាប្រធានាធិបតីសារជាថ្មី។ នេះបើតាមអ្វីដែលក្រុមហ៊ុន TSMC បានប្រកាស និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុន TSMC បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្នុងសេចក្តីថ្លែងការណ៍ថា «ផែនការវិនិយោគរបស់យើងនៅសហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ»។ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple និង Nvidia ជាដើមនោះ កំពុងវិនិយោគនូវទឹកប្រាក់ ៦៥ពាន់លានដុល្លារ ក្នុងរោងចក្រថ្មីនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កន្លងទៅគេបានដឹងថា លោក Donald Trump អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ធ្លាប់បានចោទប្រកាន់តៃវ៉ាន់ថា បានលួចអាជីវកម្ម semiconductor របស់អាមេរិក។ រហូតមកដល់ពេលនេះ ភាគហ៊ុនរបស់ TSMC ហាក់កំពុងទប់ទល់ ខណៈកំពុងមានការព្រួយបារម្ភអំពីលទ្ធផលបោះឆ្នោតរបស់លោក Trump ត្បិតក្រុមហ៊ុននេះបានដំណើរការល្អនៅឡើយ ដោយសារតម្រូវការកើនឡើងនៃបញ្ញាសិប្បនិម្មិត AI ក៏ដោយ។

ទោះប្រឈមនឹងការព្រួយបារម្ភក្តី តែ TSMC នៅអាមេរិក បានទទួលប្រាក់ឧបត្ថម្ភចំនួន ៦.៦ ពាន់លានដុល្លារ សម្រាប់ការផលិត semiconductor កម្រិតខ្ពស់នៅទីក្រុង Phoenix រដ្ឋ Arizona ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ ក្រុមហ៊ុននេះ ក៏ត្រូវបានគេដឹងថានឹងត្រៀមខ្លួនទទួលពានរង្វាន់ Chips និង Science Act ពីរដ្ឋបាល Biden ផងដែរ៕