(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍ នៅសាលហ្វឹកហាត់ប្រដាល់សកល នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយអត្តពលិកក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ប្រមូលមេដាយមាសទាំងអស់។ ពិធីបិទការប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាផងដែរ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិកាសហព័ន្ធបានថ្លែងថា ការប្រកួតកីឡាជាតិ លើកទី៤ លើប្រភេទកីឡាប្រដាល់សកល បានចាប់ផ្ដើមពីថ្ងៃទី០២-០៧ ខែវិច្ឆិកា ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុ ៩៣នាក់ មកពី ៩រាជធានី-ខេត្ត និងក្រសួងចូលរួម។

ជាលទ្ធផលបច្ចេកទេស ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៥ និងសំរឹទ្ធ ១) ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១)។ ចំណែកខេត្តកំពត ឈ្នះមេដាយប្រាក់ ២ ឈរលេខ៣, ខេត្តកោះកុង ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៤ សរុប ៥គ្រឿង ឈរលេខ៤។ ខេត្តកែប ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ សរុប ៣គ្រឿង ឈរលេខ៥, ខេត្តបន្ទាយមានជ័យ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង ឈរលេខ៦។ រីឯរាជធានីភ្នំពេញ ឈ្នះមេដាយសំរឹទ្ធ ៣, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសំរឹទ្ធ ២ និងខេត្តកណ្ដាល ឈ្នះមេដាយសំរឹទ្ធ ១។

ក្រោយចប់ការប្រកួតថ្នាក់ដឹកនាំសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី មកពីគ្រប់រាជធានី-ខេត្ត និងក្រសួង ក្រោមការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឱ្យការប្រកួតបានប្រព្រឹត្តទៅដោយជោគជ័យ។ យ៉ាងណាមិញសហព័ន្ធបានលើកទឹកចិត្តដល់អត្តពលិកទាំងអស់ ពិសេសបេក្ខភាពជម្រើសជាតិ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីត្រៀមប្រជែងមេដាយលើឆាកអន្ដរជាតិ ពិសេសកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕