(រីយ៉ាដ)៖ កីឡាការិនីវាយកូនបាល់លំដាប់លេខ២ ពិភពលោក Iga Swiatek បានហាលអាវពីព្រឹតិ្តការណ៍ WTA Finals នៅប្រទេសអារ៉ាប៊ីសាអូឌីត ក៏ព្រោះនាង Barbora Krejcikova ដែលស្ថិតក្នុងពូលជាមួយគ្នា បានបំបាក់ Coco Gauff ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញ។

នេះមានន័យថា តារាឆ្នើមអន្តរជាតិប៉ូឡូញខាងលើ បានខកខានប្រជែងយកចំណាត់ថ្នាក់លេខ១ ពិភពលោកត្រឡប់មកវិញ ដ្បិតមិនអាចឡើងទៅវគ្គ ៤នាក់ចុងក្រោយបាន បើទោះបីជាទទួលបានជ័យជម្នះទៅលើកីឡាការិនីរុស្ស៊ី Daria Kasatkina ដោយលទ្ធផល ៦-១ និង ៦-០ ក៏ដោយនៅទីក្រុង Riyadh។

តាមរយៈជ័យជម្នះរបស់ម្ចាស់ពាន Wimbledon គឺ Krejcikova ទៅលើគូប្រជែង Gauff ដោយលទ្ធផល ៧-៥ និង ៦-៤ ឡើងទៅឈរលេខ១ ក្នុងពូល Orange បានបញ្ចប់បេសកកម្មរបស់ Swiatek ក្នុងការឡើងទៅការពារតំណែងជើងឯក WTA Finals ជាបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ Gauff ដែលបានកក់កៅអីឡើងទៅវគ្គ ៤នាក់ចុងក្រោយនោះ នឹងត្រូវប៉ះកីឡាការិនីលំដាប់លេខ១ ពិភពលោក សញ្ជាតិប៊ែលឡារុស Aryna Sabaleka ដែលធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រាដែល Krejcikova ត្រូវប្រជែងជាមួយកីឡាការិនីលេខ៧ របស់ចិន Zheng Qinwen៕