(ភ្នំពេញ)៖ លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជាបាន បានជំរុញ និងស្នើដល់ក្រសួង រាជធានី-ខេត្ត និងក្លិប ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ត្រូវប្ដេជ្ញាប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅដណ្ដើមមេដាយមាស ក្នុងការប្រកួតកីឡាគុនដាវអន្ដរជាតិនានា ដ្បិតកន្លងមក កីឡាគុនដាវកម្ពុជា ធ្លាប់ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។
នេះបើតាមការលើកឡើងក្នុងពិធីបិទការប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅផ្សារទំនើប The Peak កាលពីរាត្រីថ្ងៃពុធកន្លងទៅ ដោយមានកីឡាករ-កីឡាការិនីជិត ១០០នាក់ចូលរួម មកពី ២ក្រសួង និង ១២រាជធានី-ខេត្ត ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងព្រឹត្តិការណ៍លើកមុន។
ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា បច្ចុប្បន្នកីឡាគុនដាវកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈចំនួនស្ថាប័នក្រសួង និងរាជធានី-ខេត្ត បានចូលរួមប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នេះ បានកើនឡើងយ៉ាងច្រើន ខុសពីការប្រកួតមុនៗ មានប្រមាណ ២-៣ក្លិបនៅរាជធានីភ្នំពេញប៉ុណ្ណោះ។
លោក តែ ឡូរិន បានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំសង្ឃឹមថា ថ្ងៃខាងមុខ កីឡាគុនដាវកម្ពុជា នឹងអាចស្វែងរកមេដាយមាសជូនប្រទេសជាតិជាក់ជាមិនខាន។ សូមទាំងអស់គ្នាប្តេជ្ញាតស៊ូប្រឹងប្រែងដណ្តើមឲ្យបានមេដាយមាស ក្នុងការប្រកួតអន្តរជាតិ។ សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ក៏ដូចជាវិស័យឯកជន ដែលតែគាំទ្រដល់ការអភិវឌ្ឍកីឡាគុនដាវ»។
ទន្ទឹមជាមួយគ្នា តំណាងផ្សារទំនើប ដឺភីក បានសម្ដែងក្ដីរីករាយ ដែលបានរួមចំណែកលើកកម្ពស់ដល់កីឡាជាតិ ពិសេសកីឡាគុនដាវ ហើយក៏បើកភ្លើងខៀវ ដើម្បីស្វាគមន៍ការប្រកួតកីឡាជាតិលើកក្រោយ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវិស័យកីឡាជាតិ ជាក់ស្ដែងនៅថ្ងៃទី០៨-០៩ ខែវិច្ឆិកានេះ ក៏នឹងមានកម្មវិធីជាច្រើន ក្រោមប្រធានបទ Sustainable Fashion Week ក្នុងនោះក៏មានការសម្តែងក្បាច់គុន រួមមានគុនល្បុក្កតោ តេក្វាន់ដូ និងកីឡាវូស៊ូផងដែរ៕