(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសម្ភារៈសំណង់ ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធរៀបចំកម្មវិធីប្រគល់អាហារូបករណ៍ «SCG ចែករំលែកក្ដីសុបិន សម្រាប់បរិស្ថានបៃតងជំនាន់ថ្មី ឆ្នាំ២០២៤» ជូនដល់សិស្សានុសិស្សមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស។

កម្មវិធីប្រគល់អាហារូបករណ៍នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា លោកស្រី Ek-on Khunacharoen ភារធារីនៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា, លោក Ratchayut Kasemchaisiri, អគ្គនាយកប្រចាំប្រទេស នៃក្រុមហ៊ុន SCG Cambodia, លោកគ្រូអ្នកគ្រូសិស្សានុស្ស ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ SCG ជាច្រើនរូបទៀត។

កម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្ដីសុបិន ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ក្នុងគោលបំណងផ្ដល់ជូននូវឱកាសអប់រំ សម្រាប់សិស្សានុសិស្ស ដែលមានសមត្ថភាពលេចធ្លោនៅក្នុងការសិក្សា រួមទាំងមានអត្តចរិតល្អ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ ពិសេស មានឆន្ទៈនៅក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍របស់ពួកគេ។

គិតចាប់តាំងពីការបង្កើតឲ្យមានម្មវិធី SCG ចែករំលែកក្ដីសុបិន មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន SCG បានផ្ដល់ជូនអាហារូបករណ៍ដល់សិស្សសរុបចំនួន ២,០០០ នាក់ សរុបជាទឹកប្រាក់មានដល់ទៅ ១លានដុល្លារអាមេរិក។ យ៉ាងណាមិញ នៅឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្ដីសុបិន ដើម្បីបរិស្ថានបៃតងជំនាន់ថ្មី បានផ្ដល់ជូនអាហរូបករណ៍ចំនួន ១៥៦ បន្ថែមទៀត ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណ ៤៨,៤០០ ដុល្លារអាមេរិក សម្រាប់សិស្សានុសិស្សមកពីរាជធានី/ខេត្តចំនួន៣ រួមមាន ភ្នំពេញ កណ្ដាល និងកំពត។

លោក សោម រតនា អនុរដ្ឋលេខានៃក្រសួង អប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន SCG បានដើរតួនាទីដ៏សំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ជាផ្នែកមួយក្នុងទំនួលខុសត្រូវសង្គម SCG បានចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្ដួចផ្ដើម និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Ek-on Khunacharoen ភារធារី នៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់ដែរថា ការផ្ដល់ជូនអាហារូបករណ៍របស់ SCG នេះជារៀងរាល់ឆ្នាំនេះ មិនត្រឹមតែបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ក្រុមហ៊ុន ក្នុងការជួយជំរុញលើកស្ទួយដល់ការអប់រំយុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SCG នៅក្នុងអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំនៅទូទាំងតំបន់អាស៊ាន។

លោក Ratchayut Kasemchaisiri អគ្គនាយកប្រចាំប្រទេស នៃក្រុមហ៊ុន SCG Cambodia បានគូសរំលេចអំពី ការបន្ដប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុនដ៏ធំមួយនេះ នៅក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការពង្រីកកាន់តែធំទូលាយនូវគោលដៅយកចិត្តទុកដាក់ខ្ពស់បំផុតលើផ្នែកបរិស្ថាន។

លោក Kasemchaisiri បានមានប្រសាសន៍ថា « SCG ជឿជាក់ថា ធនធានមនុស្ស គឺជាធនធានដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ គិតតាំងពីឆ្នាំ ២០១៤មក យើងបានផ្ដល់ជូនអាហារូបករណ៍ ដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាការរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញលើកស្ទួយដល់អ្នកដឹកនាំជំនាន់ក្រោយ និងអ្នកបង្កើតស្នាដៃគំនិតច្នៃប្រឌិតថ្មីៗ។»

លោកបន្ថែមទៀតថា «SCG មានមោទនភាពក្នុងការគាំទ្រដល់សិស្សានុសិស្សកម្ពុជា ដែលមានគុណតម្លៃនៅក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ សុចរិតភាព និងនិរន្ដរភាព។ មិនតែប៉ុណ្ណោះ យើងប្តេជ្ញាចិត្តក្នុងការបន្ដផ្ដល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សនៅឆ្នាំបន្ដបន្ទាប់ទៀត។»

ក្រៅពីការរួមចំណែកជួយដល់វិស័យអប់រំនៅកម្ពុជា SCG ក៏មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះនិរន្ដរភាពបរិស្ថានផងដែរ ពោលគឺ ក្រុមហ៊ុនអន្តរជាតិមួយនេះ មានគោលដៅ នឹងកាត់បន្ថយការបំភាយសារធាតុកាបូនសុទ្ធ ឲ្យនៅសល់កម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៥០។ ជាក់ស្ដែង បច្ចុប្បន្ននេះ ការផលិតផលិតផលរបស់ក្រុមហ៊ុន SCG ដូចជា ស៊ីម៉ងត៍, បេតុង, ក្បឿងប្រក់ដំបូល និងសម្ភារៈសំណង់ផ្សេងៗទៀត សុទ្ធតែបានប្រើប្រាស់បច្ចេកទេសផលិត ដែលបញ្ចេញសារធាតុកាបូនទាបបំផុត ដែលរួមបញ្ចូលទាំងការប្រើប្រាស់វត្ថុធាតុដើមបៃតង និងឥន្ធនៈប្រកបដោយនិរន្ដរភាព ដូចជា ថាមពលជីវម៉ាសជាដើម។ លើសពីនេះ SCG ក៏បាននិងកំពុងបង្កើនការប្រើប្រាស់ថាមពលស្អាតជារៀងរាល់ឆ្នាំ ដូចជាការបំពាក់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ឬសូឡា នៅតាមរោងចក្រជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុន SCG កំពុងអនុវត្តគម្រោងជីវចម្រុះ និងការស្តារឡើងវិញ ដោយដាំដើមឈើបន្ថែមជុំវិញរោងចក្ររបស់ខ្លួន ដើម្បីជួយពង្រីកទីធ្លាបៃតង និងលើកកំពស់បរិស្ថាន៕