(បរទេស)៖ ក្រុមហ៊ុន LG Energy Solution Arizona បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរយៈពេល ៥ឆ្នាំ ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅអាមេរិក Rivian។ នេះបើតាមការប្រកាសដោយក្រុមហ៊ុនមេកូរ៉េខាងត្បូង LG Energy Solution និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុនមេកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន LGES ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតមួយដល់ក្រុមហ៊ុនខ្នាតយក្ស​ Tesla, General Motors និង Hyundai និងផ្តល់ឱ្យ Rivian នូវអាគុយរថយន្តអគ្គិនី ប្រភេទអាគុយស៊ីឡាំ 4695 កម្រិតខ្ពស់របស់ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំ ដែលមានថាមពលសរុប ៦៧ជីហ្គាវ៉ាត់ម៉ោង។

គួរជម្រាបថា អាគុយទាំងនេះ នឹងត្រូវបានផលិតនៅរោងចក្រផលិតអាគុយផ្តាច់មុខរបស់ LG ក្នុងរដ្ឋ Arizona ហើយនឹងត្រូវបានប្រើនៅក្នុងរថយន្តម៉ូដែល R2 របស់ Rivian ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារអាមេរិកខាងជើងក្នុងឆ្នាំ២០២៦។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគនេះ មិនត្រូវបានបង្ហាញនោះទេ៕