(បរទេស)៖ ក្រុមហ៊ុន Sony ត្រូវបានរាយការណ៍មកថា មានការកើនឡើង ៧៣% នៅក្នុងប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ក្នុងត្រីមាសពីខែកក្កដាដល់ខែកញ្ញា ខណៈការកើនឡើងនេះ គឺត្រូវបានជំរុញដោយការលក់នៅក្នុងផលិតផលហ្គេម និងអាជីវកម្មបណ្តាញ Network។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្រុមហ៊ុន Sony ដែលមានអាជីវកម្មជាច្រើនក្នុងដៃរួមមានតន្ត្រី ភាពយន្ត ហ្គេម និងបន្ទះឈីប បានរក្សាការព្យាករណ៍ពីប្រាក់ចំណេញរបស់ខ្លួនចំនួន ១.៣១ពាន់ពាន់លានយ៉េន (៨.៥១ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤នេះ ដែលភាគច្រើនស្របតាមការប៉ាន់ប្រមាណចំនួន ១.៣៤ពាន់ពាន់លានយ៉េនរបស់អ្នកវិភាគ ២៤នាក់ មកពីស្ថាប័ន LSEG ។ ងាកមកប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុននេះ សម្រាប់ត្រីមាសខែកក្កដាដល់ខែកញ្ញាបានកើនឡើងដល់ ៤៥៥.១ពាន់លានយ៉េនពី ២៦៣ពាន់លានយ៉េនកាលពីឆ្នាំមុន។

ក្រុមហ៊ុននេះ ក៏បានប្រកាសថា ប្រាក់ចំណេញនៅក្នុងអាជីវកម្មមហ្គេម និងបណ្តាញ Network របស់ខ្លួនបានកើនឡើងជិតបីដងដល់ ១៣៨.៨ពាន់លានយ៉េនផងដែរ៕