(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ចង់ឃើញខេត្តផ្សេងៗ មានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលយុវជន ដើម្បីចូលរួមអភិវឌ្ឍន៍កីឡាហែលទឹកកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
នេះបើតាមការលើកឡើងក្នុងពិធីបិទការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងមក លើវិញ្ញាសាចំនួន ២៤ ទាំងប្រភេទកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ។
មន្ដ្រីជំនាញខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រសួង និងរាជធានី-ខេត្តទាំង១១ ដែលបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួន មកចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ពិសេសក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនធានកីឡាករ-កីឡាការិនីល្អៗ និងដណ្តើមបានមេដាយច្រើនជាងគេ ។
ទន្ទឹមជាមួយការបង្ហាញភាពលេចធ្លោររបស់ក្រសួង និងរាជធានី-ខេត្តមួយចំនួន លោកក៏បានកត់សម្គាល់បណ្ដាខេត្តខ្លះ ដែលទទួលបានសមិទ្ធផលល្អប្រសើរផងដែរ ទោះបីមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ។ យ៉ាងណាលោកចង់ឃើញបណ្ដាខេត្តទាំងអស់ មានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលកាន់តែច្រើន ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ។
អគ្គលេខាធិការសហព័ន្ធដដែលបានបន្ថែមថា បច្ចុប្បន្ននេះ មានខេត្តចំនួន៣ ប៉ុណ្ណោះ ដែលមានហេដ្ឋារចនាសម្ព័ន្ធកីឡាហែលទឹកត្រឹមត្រូវ រួមមានខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកណ្តាល ប៉ុន្ដែសហព័ន្ធចង់ឃើញបណ្តាខេត្តផ្សេងៗទៀត មានហេដ្ឋរចនាសម្ព័ន្ធដែរ ដើម្បីផ្ដល់ឱកាសឲ្យយុវជនតាមខេត្ត បានចូលរួមហ្វឹកហាត់ ហើយអាចអភិវឌ្ឍន៍ខ្លួនទៅជាកីឡាករ-កីឡាការិនីតំណាងខេត្ត ឬតំណាងជាតិ នាថ្ងៃអនាគត ។
លោក ហែម គិរី បានសង្កត់ធ្ងន់ថា «វាពិតជាសំខាន់ណាស់ ដែលគ្រប់បណ្តាខេត្តទាំងអស់ មានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាល ហើយមានកម្មវិធីច្បាស់លាស់ ព្រោះយើងចង់បានធនធានមន្ថែម។ បើសិនជានៅតាមបណ្តាខេត្តដទៃទៀត មានហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីហ្វឹកហាត់ច្បាស់លាស់ គឺច្បាស់ណាស់ សហព័ន្ធរបស់យើង នឹងស្រូបបានធនធានអត្តពលិកមានសក្ដានុពលកាន់តែច្រើនថែមទៀត» ។
គួរបញ្ជាក់ថា ក្នុងចំណោមក្រសួង និងរាជធានី-ខេត្តទាំង ១១ ដែលបានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាហែលទឹក នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី១១ សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្រុមអត្តពលិកក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេសរុប ១៧គ្រឿង (មាស ៩ ប្រាក់ ២ និងសំរឹទ្ធ ៦) ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុប ១៧គ្រឿងដូចគ្នា (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ៨) ឈរលេខ២ ។ រីឯក្រុមអត្តពលិកក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលឈរលេខរៀងបន្ដបន្ទាប់ ក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធរៀងៗខ្លួនផងដែរ ៕